អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់ និងប៉ូលីសចរារណ៍មកប្រជុំ ដើម្បីរិះរកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សឱ្យបានល្អប្រសើរជាងមុន
ភ្នំពេញ៖ ក្រោយពីមានការកស្ទះចរាចរណ៍ជាច្រើនម៉ោងនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃ១មិនា កន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់ និងប៉ូលីសចរារណ៍មកប្រជុំ ដើម្បីរិះរកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋាននេះអោយបានល្អប្រសើរជាងមុន។
កិច្ចប្រជុំនេះបានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរង តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះឡើង គឺដើម្បីឱ្យមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់និងប៉ូលីសចរារណ៍ រួមគ្នាគំនិតគ្នា រកគ្រប់មធ្យោបាយដោះស្រាយ ដោយសារកន្លងមកនេះមានការកកស្ទះចរាចរណ៍ខ្លាំង ពិសេសកាលពីថ្ងៃ១មិនាកន្លងមកនះ នៅតំបន់ការដ្ឋាននេះបានកកស្ទះចរាចររហូតដល់ទៅ ៥ទៅ៦ម៉ោងឯណោះ។
លោក កើត ឆែ បានជំរុញឱ្យធ្វើកាេកែសម្រួល ដោយបង្រួមរបងការដ្ឋានឱ្យតូចជាងមុន កែសម្រួលផ្លូវមួយចំនួន ជាមួយនឹងការដោះស្រាយជាមួយអ្នកលក់ដូរលើចិញ្ចឹមផ្លូវ នៅតំបន់នេះឱ្យបានល្អប្រសើរ សំដៅឱ្យមានលំហូរចរាចរណ៍បានល្អ។ បន្ថែមពីនេះ លោក កើត ឆែ ក៏បានជំរុញឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំជាផែនការឱ្យបានជាក់លាក់មួយ ដើម្បីចេញសេចក្តីជូនដំណឹងមួយ ក្នុងការបង្វែរទិសចរាចរណ៍ ចេញនិងចូលក្រុងភ្នំពេញ ដោយមិនឱ្យឆ្លងកាត់តំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ។
គួរបញ្ជាក់ថា៖ ស្ពានអាកាសព្រះមុនីវង្ស មាន ទីតាំងប្រសព្វរវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)ជាស្ពានអាកាសតំបូងគេដែលមានរង្វង់មូលលើអាកាស ។ ស្ពានអាកាសថ្មីនេះត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីរួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដីអញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ និងនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។
គម្រោងសាងសង់ស្ពានអាកាសថ្មីនេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ ៕ ដោយថេត វិចិត្រ+ហេង សម្បត្តិ




