ទាហានអាមេរិក៦ពាន់នាក់ចូលរួមសមយុទ្ធយោធានៅលើឆ្នេរខ្សាច់ ប្រទេសថៃ

បាងកក៖ ទាហានអាមេរិករាប់ពាន់នាក់បានចូលរួមជាមួយទាហានថៃ និងកូរ៉េខាងត្បូង នៅលើឆ្នេរខ្សាច់ក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ ទី៣ ខែមីនា សម្រាប់ចូលរួមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមួយ នៅអាស៊ី។

ឥឡូវនេះ ស្ថិតនៅក្នុងឆ្នាំទី៤២ របស់ខ្លួន សមយុទ្ធយោធា កូប្រា ហ្គូល (Cobra Gold) បាននាំយកកងកម្លាំងរាប់ពាន់នាក់ មកពីសហរដ្ឋអាមេរិក ប្រទេសថៃ និងប្រទេសផ្សេងទៀត រួមគ្នាសម្រាប់ការហ្វឹកហ្វឺនជាច្រើនថ្ងៃ។

ទាហានអាមេរិក ថៃ និងកូរ៉េខាងត្បូង បានបើកប្រតិបត្តិការរួមគ្នាមួយ នៅជិតមូលដ្ឋានទ័ពជើងទឹក នៅភាគខាងកើតនៃប្រទេស ដែលក្នុងនោះ យន្តហោះចម្បាំងបានបញ្ចេញសម្រែកពីផ្នែកខាងល ហើយរថក្រោះបានរអិល លើដីខ្សាច់។

ទាហានមកពីប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ ដែលរួមមានទាំងផ្លូវអាកាស ដីគោក និងសមុទ្រ ព្រមទាំងបង្ហាញអំពីវគ្គ នៃការរស់រានមានជីវិតនៅក្នុងព្រៃ។

ដោយមានសមាជិកប្រហែល ៦០០០ នាក់ យោធាខាងអាមេរិកគឺមានចំនួនច្រើនជាង ៤ ដង នៃទំហំដែលត្រូវបញ្ជូនទៅ កាលពីឆ្នាំ ២០២២។

ប្រធានក្រុមកងម៉ារីនអាមេរិក លោក ចូណាថាន កូរ៉ូណែល (Jonathan Coronel) បានប្រាប់អ្នកយកព័ត៌មានថា “ខណៈពេលដែលយើងទាំងអស់គ្នានិយាយភាសាផ្សេងៗគ្នា យើងរួមគ្នា ជាមួយចំណងរួមក្នុងការជំរុញឲ្យឥណ្ឌូប៉ាស៊ីហ្វិក មានភាពសេរី និងបើកចំហ នេះជាអ្វីដែល កូប្រា ហ្គូល (Cobra Gold) ចង់បញ្ជាក់”។

មេបញ្ជាការកងនាវាចរថៃ លោក ឆឺងឆៃ ឈុមឆឺងផាត (Cherngchai Chomcherngpat) បាននិយាយថា “ប្រទេសថៃ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៖ យើងមានកិច្ចសហប្រតិបត្តិការល្អនៅក្នុងតំបន់” “វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការហ្វឹកហាត់ជាមួយគ្នា… ប្រសិនបើមានភាពតានតឹងនៅក្នុងតំបន់ យើងស្គាល់គ្នា”៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner