រាជរដ្ឋាភិបាល និងអង្គការដៃគូអំពាវនាវដល់សាធារណជន ចូលរួមដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់
ភ្នំពេញ ៖ នៅក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន និងអង្គការដៃគូបានប្រកាសបន្តយុទ្ធនាការទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា គោលដៅរបស់យុទ្ធនាការដំណាក់កាលទី២សំដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជន អំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រសួងបរិស្ថាននឹងបន្តដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលរួមមានយុទ្ធនាការតាមខេត្តទៅកាន់ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបងនិងប៉ៃលិន ដោយមានអង្គការដៃគូជាច្រើនបានចូលរួមនិងសហការ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានមានប្រសាសថា៖ «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាមួយនឹងភាពជោគជ័យជាទីមោទនៈ។» ការលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទពីក្នុងតំបន់ការពារធម្មជាតិ គឺជាគោលដៅមួយដ៏ធំ ។ ហេតុនេះហើយការចូលរួមពីសាធារណជនពិតជាមានសារៈសំខាន់ណាស់មិនត្រឹមតែក្នុងការបញ្ឈប់ការដាក់អន្ទាក់នោះទេ ប៉ុន្តែថែមទាំងចូលរួមដោះស្រាយវិបត្តិអន្ទាក់និងការជួញដូរសត្វព្រៃខុសច្បាប់ដល់ឬសគល់របស់វា ។
ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិករដ្ឋសភា និងជាសមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាជាតិ បានថ្លែងកើតសរសើរថា៖ «ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងក្របខ័ណ្ឌយុទ្ធនាការអន្ទាក់សូន្យ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថានដោយមានការចូលរួមពីស្ថាប័នអង្គការដៃគូក្នុងគោលដៅបញ្ចប់វិបត្តិនិងការពារសុខភាពសាធារណៈ។
ឯកឧត្តម គឹម ណុង ប្រធានអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថា៖ «ការស្វែងរកអន្ទាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះអន្ទាក់ភាគច្រើននៅសំងំលាក់ខ្លួនក្នុងព្រៃរហូតដល់វាទាក់បានសត្វព្រៃនិងសម្លាប់សត្វរងគ្រោះនោះ។ យើងចាំបាច់ត្រូវប្រើវិធីសាស្រ្តច្នៃប្រឌិតសម្រាប់ជាជំនួយក្នុងយុទ្ធសាស្រ្តល្បាតតំបន់ការពារ ដើម្បីបង្កើនសមត្ថភាពក្នុងការស្វែងរកអន្ទាក់គ្រប់ប្រភេទនិងតាមដានបទល្មើសសត្វព្រៃបានប្រកបដោយប្រសិទ្ធភាព។ យើងក៏ត្រូវការធនធានបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពនិងជំនាញឧទ្យានុរក្ស ដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់ការពារក៏ដូចជាអនុវត្តការងារល្បាតទាំងក្នុងនិងក្រៅដែនជម្រកសត្វព្រៃ។»
លោក សេង ទៀក នាយកអង្គការ WWF បានឲ្យដឹងថា៖ «របាយការណ៍ស្តីពីការថយចុះនៃសត្វព្រៃក្នុងតំបន់ព្រៃការពារធម្មជាតិគឺជាសញ្ញាអាសន្នក្រើនរំលឹកអំពីអតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់នោះ ដែលវាអាចនឹងបង្កផលវិបាលដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនផងដែរ។ ទោះយ៉ាងណាក៏ដោយវានៅមិនទាន់ហួសពេលទេ ក្នុងការធ្វើឲ្យស្ថានភាពទាំងនេះប្រសើរឡើង ដោយចាប់ផ្តើមធ្វើសកម្មភាពរួមគ្នាឥឡូវ ដើម្បីដោះស្រាយវិបត្តិនេះដល់ឬសគល់របស់វាហើយស្តារធម្មជាតិឡើងវិញ។»
លោកបានបញ្ជាក់ប្រាប់ថាជាលទ្ធផល ក្នុងឆ្នាំ២០២២ អន្ទាក់សរុបប្រមាណជាង ៣៥.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទូទាំងកម្ពុជា ដែលតួរលេខនេះបង្ហាញពីការថយចុះប្រមាណ ៤៤% បើធៀបនឹងលទ្ធផលក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់សរុប ៦១.៦១១។ ទន្ទឹមគ្នានេះដែរ ភោជនីយដ្ឋាន ចំនួន ៥២កន្លែងក្នុងខេត្តចំនួន ៦ក្នុងភាគឦសាននៃប្រទេសកម្ពុជាបានប្រកាសពីការប្តេជ្ញាចិត្តមិនលក់សាច់សត្វព្រៃក្នុងអាជីវកម្មរបស់ខ្លួន។
លោកបានបន្ថែមថា”ទោះជាយ៉ាងណាក៏ដោយ យោងតាមលទ្ធផលនៃការសិក្សារបស់ក្រសួងបរិស្ថាននិងអង្គការដៃគូ ការដកអន្ទាក់ចេញពីក្នុងតំបន់ការពារធម្មជាតិកម្ពុជាបានត្រឹមចំនួន២០%ប៉ុណ្ណោះនៃចំនួនអន្ទាក់ប៉ាន់ប្រមាណសរុបនៅក្នុងព្រៃធម្មជាតិទាំងនោះ។
បណ្ឌិត Suwanna Gauntlett ស្ថាបនិកនិងនាយិកាប្រតិបត្តិអង្គការ (WA) បានមានប្រសាសថា៖ «អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានសេចក្ដីសោមន្សរីករាយដែលបានចូលរួមក្នុងដំណាក់កាលទី២ នៃយុទ្ធនាការអន្ទាក់សូន្យ។ ដោយសារតែការរួមគ្នាតែមួយ យើងនឹងអាចចាត់វិធានការកាន់តែតឹងរឹងលើការដាក់អន្ទាក់។ អន្ទាក់ប្រៀបបាននឹងគ្រាប់មីនឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំពោះសត្វព្រៃ ដែលត្រូវបានសម្លាប់ដោយមិនរើសមុខ មិនថាជាប្រភេទសត្វមានវត្តមានបង្គួរ ឬប្រភេទសត្វកម្រ ឬប្រភេទជិតផុតពូជនោះទេ”។
លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីប្រចាំអង្គការ WEA បានឲ្យដឹងថា៖ «ការបញ្ចប់ការដាក់អន្ទាក់ដែលជាសកម្មភាពបង្កគ្រោះថ្នាក់ខ្ពស់និងផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងដល់សត្វព្រៃកម្ពុជា និងទីជម្រកធម្មជាតិរបស់វា ក៏ដូចជាមនុស្សជាតិដែរ។ រួមគ្នា យើងអាចការពារជីវៈចម្រុះដ៏ពិសិដ្ឋរបស់កម្ពុជា និងពង្រឹងការចិញ្ចឹមជីវិតរបស់សហគមន៍ ការពារសុខភាពសាធារណៈ ព្រមទាំងធ្វើឲ្យមានផ្លាស់ប្តូរជាវិជ្ជមាន។»
លោកស្រី Christel Griffioen នាយកមជ្ឈមណ្ឌល ACCB បានឱ្យដឹងថា៖ «ពេលវេលាកំពុងតែរំកិលទៅមុខ។ ក៏ប៉ុន្តែយើងជឿជាក់លើឥទ្ធិពលនៃការដោះស្រាយបង្ហាញរួមគ្នា។ ទន្ទឹមគ្នានេះ យើងក៏ត្រូវការចូលរួមធ្វើសកម្មភាពរួមបន្ថែមទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់និងបន្តផ្សព្វផ្សាយចំណេះដឹងទាក់ទងទៅនឹងបរិស្ថាន ព្រោះវារួមចំណែកគាំទ្រសំខាន់ដល់ការលុបបំបាត់នូវវិបត្តិអន្ទាក់។»
លោក គង់ មុន្នីច័ន្ធ នាយកមូលនិធិ MJP ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «ជម្រកសត្វព្រៃដែលគ្មានអន្ទាក់មិនត្រឹមតែមានសារៈសំខាន់ចំពោះការការពារសត្វព្រៃដែលនៅសេសសល់នោះទេ។ ប៉ុន្តែវាក៏មានសារៈសំខាន់នៅក្នុងការបង្កើតទីជម្រកសុវត្ថិភាពមួយ សម្រាប់ការបន្តពូជរបស់សត្វព្រៃផងដែរ។ ជីវៈរស់ទាំងអស់នៅលើភពផែនដីយើងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា។ ប្រសិនបើវត្តមានសត្វព្រៃត្រូវបានបាត់បង់ វានឹងមានផលប៉ះពាល់យ៉ាងផងដែរទៅលើប្រព័ន្ធអេកូឡូស៊ី។»
ក្រសួងបរិស្ថាន និងដៃគូរនឹងបន្តធ្វើការរួមគ្នា ដើម្បីបង្កើតជម្រើសជីវភាពដល់សហគមន៍មូលដ្ឋានរស់នៅអាស្រ័យផលលើការប្រមូលផលអនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីសម្រាប់សាច់ និងការជួញដូរ តាមរយៈគម្រោងកសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិផ្សេងៗ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងបង្កើតឲ្យមានការផ្លាស់ប្តូររសនិយម និងឥរិយាបថរបស់ប្រជាជនចំពោះការបរិភោគសាច់សត្វព្រៃ ដើម្បីការពារសុខភាពសាធារណៈពីហានិភ័យនៃការចម្លងជំងឺពីសត្វមកមនុស្សនៅថ្ងៃអនាគត៕ដោយ៖ម៉ាដេប៉ូ



