កម្ពុជានឹងទទួលរងទឹកភ្លៀងច្រើនពីថ្ងៃ២៥ដល់២៨សីហា ដោយសារឥទ្ធិពលព្យុះបៃលូ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ២២សីហានេះ បានឲ្យដឹងថា ប្រពន្ធ័សម្ពាធទាបបាន និងកំពុងអូសបន្លាយកាតើពីលើប្រទេសថៃ ឡាវ និងវៀតណាម ហើយនៅក្នុងមហាសមុទ្រខាងកើតប្រទេសហ្វីលីពីន មានកើតឡើងនូវព្យុះទី១១ឈ្មោះបៃលូ (Bailu)។ 

យោងតាមស្ថានភាពនោះធ្វើឲ្យអាកាសធាតុនៅប្រទេសកម្ពុជាចាប់ពីថ្ងៃ ទី២២ដល់២៤សីហា ស្ទើរទូទាំងប្រទេសនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ ចាប់ពីថ្ងៃទី២៥ទៅ២៨សីហា បណ្ដាខេត្តនៅក្នុងតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ លើផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ បណ្ដាខេត្តចាប់ពីតំបន់វាលទំនាបភាគកណ្ដាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។

ទន្ទឹមនឹងនោះ អាចនឹងមានផ្នែកមួយចំនួនទៀតមានភ្លៀងធ្លាក់ខ្លាំងផងដែរ។ រីឯបណ្ដារាជធានី ខេត្តនៅប៉ែកខាងក្រោម នឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ និងផ្នែកខ្លះទៀតអាចនឹងមានភ្លៀងធ្លាក់ច្រើនផងដែរ។ ជាមួយគ្នានោះ ក្រសួងធនធានទឹក បានអំពានាវឲ្យសាធារណជន ប្រុងប្រយត្ន័ចំពោះបាតុភូតខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រដែលអាចកើតមានឡើងជាយថាហេតុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner