អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីតេក្វាន់ដូ ចំនួន១០រូប ដែលទទួលបានជ័យលាភីមេដាយមាសចំនួន៧ និងមេដាយសំរឹទ្ធិ ចំនួន០៣
ប្រតិភូនៃក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូផ្នែក WT របស់ក្លិបកីឡាតេក្វាន់ដូ BTClub នៃសមាគម
កីឡាតេក្វាន់ដូខេត្តបាត់ដំបង ព្រមទាំងគ្រូបង្វឹកដឹកនាំដោយលោក នូ សំណាង អនុប្រធានការិយាល័យ អប់រំកាយ និងកីឡាខេត្តបាត់ដំបង និងលោ ក ផន សុភា ប្រធានក្លិបតេក្វាន់ដូ BT.Club ដែលបានទៅចូលរួមនៃការប្រកួត4thGEWINN Mal aysia Open InternationalTaekwondo C hampionship 2019 ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ដល់ថ្ងៃទី០៤សីហា នៅទីក្រុងកូឡាំពួរ នៃប្រទេសម៉ាឡេស៊ី កន្លងមកនេះ និងដោយ មានក្រុមកីឡាមកពី១៦ប្រទេស ចូលរួមនៅក្នុងការប្រកួត។ ក្នុងនោះក្រុមកីឡាតេក្វាន់ឌូខេត្ត បាត់ដំបង និងជាតំណាងព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យក្នុងការប្រកួត មេដាយមាសចំនួន០៧គ្រឿង មេដាយសំរឹទ្ធិ ចំនួន០៣គ្រឿង។
ដោយទទួលបានការអនុញ្ញាតក្នុងការចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ខែសីហាម្សិលមិញ ក្នុងគោលបំណងដើម្បីរាយការណ៍ពីសកម្មភាពនៅក្នុងការប្រកួត និងបង្ហាញពីលទ្ធផលជោគជ័យរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីកន្លងមកដោយបានាំមកនូវមេដាយមាសចំនួន៧ និងមេដាយសំរឹទ្ធិ ចំនួន០៣។
លោក នូ សំណាង ដែលជាប្រធានប្រតិភូដឹកនាំកីឡាករនិងកីឡាការិនីតេក្វាន់ដូរបស់ខេត្តបាត់ដំបង ទៅចូលរួមប្រកួត បានសម្តែងនូវការអរគុណ និងត្រេកអរចំពោះការអនុញ្ញាតពីឯកឧត្តមអភិបាលខេត្ត ដែលបានផ្តល់ឱកាសឲ្យក្រុមកីឡា និងថ្នាក់ដឹកនាំបានទទួលនូវការណែនាំ និងផ្តល់ដំបូន្មានជាគន្លឹះក្នុងការជំរុញដល់វិស័យកីឡាតេក្វាន់ដូ នៅ ក្នុងខេត្ត ដើម្បីផ្តល់ជាកម្លាំងចិត្តក្នុងការគាំទ្រយ៉ាងពេញទំហឹងនូវវិស័យកីឡាតេក្វាន់ដូ និងជំរុញដល់ថ្នាក់ដឹកនាំក្លិប និងក្រុមកីឡា ឲ្យកាន់តែមានឆន្ទៈមនសិការក្នុងការហ្វឹកហាត់ដើម្បីត្រៀមចេញ ទៅប្រកួតលើកក្រោយទៀតឲ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណ និងសម្តែងនូវការត្រេកអរជាមួយភាពជោគជ័យក្នុងការប្រកួត និងដណ្តើមបាននូវមេដាយមាស និងសំរឹទ្ធិរបស់ខ្លួន ដើម្បីជាកិត្តិយស សម្រាប់ក្លិប ព្រមទាំងមុខមាត់របសខេត្តបាត់ដំបងផងដែរ។ ឯកឧត្តមបានកោតសរសើរដល់ក្មួយៗជាកីឡាករកីឡាការិនីតេក្វាន់ដូខេត្តបាត់ដំបង ដែលបានលះបង់ពេលវេលាក្នុងការហ្វឹកហាត់ ជ្រើសរើសលេងកីឡា ដើម្បីនាំមកនូវសុខភាពខាងរាងកាយ បណ្តុះនូវបញ្ញាភ្លឺស្វាងឈ្លាសវៃ ហើយអ្វីដែលឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតនោះ គឺណែនាំដាស់ស្មារតី និងបានក្រើនរំលឹក ដោយបានធ្វើការជំរុញដល់កូនៗក្មួយៗជាកីឡាករការិនី ស្ថិតក្នុងការសិក្សា ត្រូវខិតខំរៀនសូត្រ និងចេះប្រើប្រាស់ពេលវេលាសមស្របទាំងការរៀន និងហ្វឹកហាត់កីឡា ដោយមិនត្រូវបោះបង់ចោលមួយណានោះទេ។ ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បានឧបត្ថម្ភ ដល់ក្រុមកីឡាតេក្វាន់ដូ នូវថវិកាចំនួន០៤លានរៀលផងដែរ៕ធ.ដ
ដោយៈ អ៊ុក សំអាន





