ជិះម៉ូតូលឿនដល់ផ្លូវកោងជ្រុលទៅបុកឃឿនចិញ្ចើមផ្លូវ បោកជាមួយបង្គោលភ្លើង ស្លាប់ភ្លាមៗ
ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូ PCX លឿនពេក ហើយដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកឃឿនចិញ្ចើមផ្លូវបោកជាមួយបង្គោលភ្លើងស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះ មានឈ្មោះ មាស រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយជិះម៉ូតូម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GU-9519។
យោងតាមកាមរ៉ាសុវត្ថិភាពដែលថតជាប់សកម្មភាពរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវកោងផង ឯជនរងគ្រោះមិនបន្ថយល្បឿនផង ក៏ជ្រុលចង្កូតមកបុកឃឿនចិញ្ចើមផ្លូវ ហើយផ្លោងជាង១០ម៉ែត្រទៅបោកនឹងបង្គោលភ្លើង បណ្ដាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុភ្លាមៗ សាច់ញាតិជនរងគ្រោះបានទទួលព័ត៌មានថាជនរងគ្រោះបានស្លាប់ ក៏មកដល់ផងដែរ។ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូ ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក រង់ចាំប្រគល់ឲ្យសាច់ក្រុមគ្រួសារនៅពេលក្រោយ ៕ធ.ដ


