គណបក្សប្រជាជនកម្ពុជា រៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៅសាល City Hall កោះពេជ្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ គណបក្សប្រជាជនកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្ស នៅសាល City Hall នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសម្ដេចអនុប្រធានគណបក្ស សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់ រួមទាំងតំណាងគណបក្ស មកពីក្រសួងស្ថាប័ន និងមូលដ្ឋានមួយចំនួនផងដែរ។
បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឈឹម ផលវរុណ បានបញ្ជាក់ថា ក្នុង១ឆ្នាំៗ គណបក្សប្រជាជនកម្ពុជា មានកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍២ដង ដែលកិច្ចប្រជុំនេះ បានកំណត់ទិសដៅគណៈកម្មាធិការសម្រាប់រយៈពេល៦ខែ ហើយនឹងត្រួតពិនិត្យវាយតម្លៃលើអ្វីដែល គណបក្សបានអនុវត្តរយៈពេល ៦ខែកន្លងមក។
អ្នកនាំពាក្យរូបនេះបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ដែលបានឈ្នះក្នុងការបោះឆ្នោត ៥អាណត្តិរួចមកហើយ។ គណបក្សដ៏ធំមួយដាច់គេមួយនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន៨៦៥នាក់៕ធ.ដ
