អនុប៉ុស្តិ៍ជ្រោយតាកែវ រងការចោទប្រកាន់ពីម្តាយជនរងគ្រោះថា បានវាយធ្វើបាបកូនគាត់ទាំងដៃជាប់ខ្នោះ
(កណ្តាល): ករណីហឹង្សាមួយដែលម្តាយជនរងគ្រោះបានអះអាងថា អនុប៉ុស្តិ៍ជ្រោយតាកែវ បានដាក់ខ្នោះកូនរបស់គាត់ និង វាយធ្វើបាបរហូតធ្លាក់ឈាម កំពុងស្រែករកយុត្តិធម៌ ខណៈស្នងការខេត្តកណ្តាល បានបញ្ជូនសំណុំរឿងទៅតុលាការហើយ។
ក្នុងនោះអ្នកស្រី ប្រាង ម៉ុម អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ តាមរយ:ទូរស័ព្ទថា: កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មានកម្មវិធីល្ខោនបាសាក់នៅចំណុចវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។
នៅគ្រានោះកូនប្រុសរបស់គាត់ឈ្មោះ ឃន វ៉ាន់នី បានចេញពីផ្ទះទៅមើលល្ខោនបាសាក់នៅចំណុចវត្តខាងលើនោះដែរ លុះវេលាម៉ោង២៣និង៣០នាទី កូនគាត់បានចេញពីកន្លែងល្ខោនបាសាក់ត្រឡប់មកផ្ទះវិញ មកដល់ចំណុចក្លោងទ្វារវត្តជាប់ផ្លូវជាតិ ក៏បានជួបឈ្មោះ ណន ឧត្តម និងបក្ខពួក ហើយបាននិយាយគ្នាទាក់ពាក្យសម្តីគ្នាបន្តិចបន្ទួច ។
ស្រាប់តែឈ្មោះ ណន ឧត្តម និងបក្ខពួក ចាប់កូនប្រុសរបស់នាងខ្ញុំ ដាក់ខ្នោះ ហើយវាយធ្វើបាប ទាត់ធាក់ បណ្តាលអោយហូរឈាមតាមច្រមុះ តាមមាត់ តាមត្រជៀក រងរបួសជាទម្ងន់។
គាត់បន្តថា: បន្ទាប់ពីគាត់បានដាក់ពាក្យបណ្តឹងរហូតមកដល់ពេលនេះ សមត្ថកិច្ចបានកោះហៅគាត់អោយមកសម្របសម្រួលបញ្ចប់រឿង២លើកហើយនៅអធិការស្រុកកោះធំម្តង និងនៅស្នងការនគរបាលខេត្តម្តង។
តែជនបង្កមិនព្រមសារភាពសោះ ពិតជាអយុត្តិធម៌សម្រាប់គាត់ និងកូនគាត់ខ្លាំងណាស់ ។ជាចុងក្រោយគាត់បានសំណូមពរអោយជនបង្កឆ្លើយសារភាព និងទាមទាសំណងជំងឺចិត្តសម្រាប់មើលជំងឺចំនួន៥,០០០ដុល្លាអាមេរិច។
ពាក់ព័ន្ធការលើកឡើងខាងលើលោក ចាន់ វ័រ មេប៉ុស្តិ៍នគរបាលជ្រោយតាកែវបានឱ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះ ឃន វ៉ាន់នី និងបក្ខពួកប្រមាណជិត២០នាក់ បានដើរមកកន្លែងប្រជាការពារក្នុងនោះមានលោក ណន ឧត្តម នាយរងប៉ុស្តិ៍នៅក្នុងចំណោមនោះដែរ ហើយក្រុមឃន វ៉ាន់នី និងបក្ខពួក ស្ថឹតក្នុងស្ថានភាពស្រវឹង តែលោកមិនដឹងថាផឹកមកពីណាទេ បានស្រែកដៀមដាមមកលើកូនចៅរបស់គាត់ ហើយថែមទាំងឡើងជង្គង់មួយជង្គង់ ក៏ប្រតាយប្រតប់គ្នាតែម្តងទៅ។ លោកបានបញ្ជាក់ថា កូនចៅរបស់លោកមិនបានវាយ និងដាក់ខ្នោះទៅលើជនរងគ្រោះនោះទេ។
ចំពោះឯកឧត្ដម អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងប្រាប់ថា សំណុំរឿង នេះបានបញ្ជូនទៅកាន់តុលាការអស់ហើយ ខណៈលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បញ្ជាក់ថា រង់ចាំផ្តល់ដំណឹងនេះ អោយតាមក្រោយ តែបាត់ឈឹងមកទុលនឹងពេលនេះ៕ដោយ ខាត់ សុខឿន