ក្រសួងបរិស្ថាន យកពិព័រណ៍បុណ្យទន្លេ ជាឱកាសផ្សព្វផ្សាយពីតំបន់សក្កានុពលទេសចរណ៍ជីវៈចម្រុះ និងបង្ហាញពីសមិទ្ធផលស្នាដៃប្រជាសហគមន៍តំបន់ការពារធម្មជាតិ
កំពង់ធំ៖ ក្នុងពិធីបុណ្យទន្លេលើកទី៧ក្រោមប្រធានបទ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគ ដែលដំណើរការរយៈពេល៣ថ្ងៃនៅក្នុងក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែ មីនាឆ្នាំ២០២៣ ក្រសួងបរិស្ថានដែលជាក្រសួងមួយទទួលខុសត្រូវលើវិស័យបរិស្ថាន បាននាំយកស្តង់ព័ពិរណ៍ចំនួន២ គឺស្តង់អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងស្តង់សហគមន៍តំបន់ការពារធម្មជាតិរួមចំណែកដល់ការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងអភិរក្សធនធានធម្មជាតិ ដោយបានដាក់តាំងបង្ហាញពីសមិទ្ធផលស្នាដៃក៏ដូចជាលទ្ធផលជាលក្ខណៈបច្ចេកទេសនូវកម្រងលិខិតបទដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយ និង បង្ហាញអំពីសក្កានុពលតំបន់ទេសចរណ៍ជីវៈចម្រុះ និងផ្សព្វផ្សាយអំពីផលិតផល ដែលជាស្នាដៃរបស់ប្រជាសហគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលជាភ្ញៀវជាតិនិងអន្តរជាតិមកកំ
ម្សាន្ត ក្នុងពិធីបុណ្យទន្លេ។

លោក ឡេង គឹមស្រុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រៅពីសកម្មភាពធំៗខាងលើបេសកម្មចូលរួមពិព័រណ៍នេះ ក្រុមការងារដែលជាមន្រ្តីជំនាញបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភ្ញៀវមកចូលរួមតាមរយៈចែកខិតប័ណ្ណអប់រំណែនាំអំពីព័ត៌មានរបៀបប្រើប្រាស់ APPសំរាម គោនយោបាយស្តីអំពីការគ្រប់គ្រងសំរាមនិងសំណលរឹង គោលនយោបាយភូមិឃុំសុវត្ថិភាពធ្វើយ៉ាងឲ្យមានអនាម័យល្អឈរលើគោលការណ៍រស់នៅស្អាត ភូមិដ្ឋានស្អាត សុខភាពល្អអនាគរុងរឿង ដែលជាចក្ខុវិស័យរួមចំណែកធ្វើយ៉ាងឲ្យប្រទេសកម្ពុជាយើងមានបរិស្ថានស្អាត និងមានសោភ័ណភាពទាក់ទាញ។

ចំណែក លោក រ៉ាត់ រឿយ អនុប្រធាន ការពារធម្មជាតិព្រៃធំអន្លង់ធំនៃឧទ្យានជាតិភ្នំគូលេន ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំអន្លង់ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានលើកឡើងដែរថា ផលិតផលដែលលោកនាំយកមកដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ គឺជាជ្រូកធម្មជាតិប្រភេទជ្រូកស្រុកដែលមានបាកាត់និងជ្រូកព្រៃចញ្ចឹមនៅក្នុងសហគមន៍ដោយស៊ីចំណីធម្មជាតិដូចជាបន្លែជាដើម។ លោក បានចាត់ទុកពិព័រណ៍នេះ ជាឱកាសបង្ហាញផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋខ្មែរឲ្យងាកមកគាំទ្រកាន់តែខ្លាំងលើផលិតផលរបស់ប្រជាសហគមន៍ ។

ប្អូនស្រី ខៃ ធិតាវត្តី ជាសិស្សថ្នាក់ទី១២វិទ្យាល័យកំពង់ធំ ចូលរួមក្នុងពិព័រណ៍ ដែលចាប់អារម្មណ៍ចំពោះស្តង់ពិព័រណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញចំណាប់អារម្មណ៍ នាងពិតជាពេញចិត្តណាស់លើការដាក់តាំងបង្ហាញរបស់ក្រសួងបរិស្ថាន ព្រោះជួយឲ្យសិស្សដូចជារូបនាង បានស្វែងយល់ពីវិស័យបរិស្ថានដែលដែលនាងពុំធ្លាប់បានដឹងពីមុនមក។

សម្រាប់ពិធីបុណ្យទន្លេលើកទី៧ក្រោមប្រធានបទ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគ មានរយៈពេល៣ថ្ងៃ ដែលខេត្ត កំពង់ធំ ទទួលរៀបចំលើកទី១នេះ មានស្តង់ពិព័រណ៍ចូលរួមប្រមាណជា៣០០ស្តង់ និងមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់ ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានចាត់ទុកថា ការរៀបចំពិព័រណ៍ផលិតផលនេះ គឺជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយផលិតផលក្នុងស្រុក៕
អត្ថបទ៖ ជាវ ចន្ធូ
