អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវចាប់ខ្លួន ករណីពុករលួយក្នុងពេលកាន់អំណាច
កូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីត្រូវបានចាប់ខ្លួន បន្ទាប់ពីបានឆ្លើយបំភ្លឺ នៅស្ថាប័នប្រឆាំងអំពើពុករលួយ ជាការចាប់ខ្លួនពីបទចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ។
Read. អាជ្ញាធរម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានសម្រេចចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីលោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) ហើយគ្រោងចោទប្រកាន់រូបលោកជាផ្លូវការនៅថ្ងៃសុក្រ ពាក់ព័ន្ធបទល្មើសពុករលួយ។
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ហៅកាត់ MACC បានចេញសេចក្តីថ្លែងការណ៍ថា លោក មូហ៊ីឌីន ត្រូវចាប់ខ្លួនបន្ទាប់ពីរូបលោកត្រូវបានសួរចម្លើយ ជុំវិញគម្រោងស្តារសេដ្ឋកិច្ចមួយ ដែលត្រូវបានដំណើរការដោយរដ្ឋាភិបាលរបស់លោក។
បើតាម MACC លោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តី សម្រាប់រយៈពេល១៧ខែ កាលពីចន្លោះឆ្នាំ២០២០-២០២១ ពោលគឺអំឡុងពេលម៉ាឡេស៊ីស្ថិតក្រោមវិធានការបិទខ្ទប់កូវីដ១៩។
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ និងគណបក្សរបស់លោក ត្រូបានស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ ក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) ដែលបានឈ្នះការបោះឆ្នោតសកល កាលពីវិច្ឆិកា ឆ្នាំ២០២២។
កាលពីចុងឆ្នាំមុន លោក អាន់វ៉ា បានចេញបញ្ជាឱ្យមានការត្រួតពិនិត្យឡើងវិញ ចំពោះគម្រោងផ្សេងៗរបស់រដ្ឋាភិបាល មានតម្លៃសរុបរាប់ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលលោក មូហ៊ីឌីន ក្នុងនោះរួមមានទាំងកម្មវិធីផ្តល់ជំនួយទាក់ទងវិបត្តិកូវីដ១៩ ក្រោមការសង្ស័យថា ថវិកានៃគម្រោងទាំងអស់នោះ ត្រូវបានចំណាយដោយពុំមានការឆ្លងកាត់នីតិវិធីត្រឹមត្រូវ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត