តុលាការឥណ្ឌូនេស៊ី កាត់ទោសក្រុមមន្ត្រី ករណីរត់ជាន់គ្នាស្លាប់មនុស្ស ១៣៥នាក់

ហ្សាកាតា៖ មន្ត្រីការប្រកួតបាល់ទាត់ឥណ្ឌូនេស៊ី ២នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទមានកំហុសនៃហេតុការណ៍រត់ជាន់គ្នា ក្នុងកីឡដ្ឋាន បណ្តាលឲ្យមានមនុស្សស្លាប់១៣៥នាក់ កាលពីខែតុលា ឆ្នាំ២០២២។

តុលាការឥណ្ឌូនេស៊ី បានកាត់ឲ្យមន្ត្រីការប្រកួតបាល់ទាត់ម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បន្ទាប់ពីបានរកឃើញថា លោកមានកំហុសនៃការធ្វេសប្រហែស បណ្តាលឲ្យមានហេតុការណ៍មួយ ក្នុងចំណោមហេតុការណ៍រត់ជាន់គ្នា នៅកីឡដ្ឋាន បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនជាងគេបំផុត នៅលើពិភពលោក។

គួររម្លឹកថា កាលពីខែតុលា ឆ្នាំ២០២២ ការប្រកួតបាល់ទាត់ នៅក្នុងពហុកីឡដ្ឋាន នាទីក្រុង ម៉ាឡាង (Malang) នៃខេត្ត ជ្វាខាងកើត (East Java) បានបញ្ចប់ក្នុងភាពចលាចល ជាមួយនឹងអ្នកគាំទ្រ ១៣៥នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស ដោយសារពួកគេរត់ភៀសខ្លួន ទៅកាន់ច្រកចេញ បន្ទាប់ពីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើហ្វូងមនុស្ស។

មន្ត្រីការប្រកួតម្នាក់ ឈ្មោះ អេបឌុល ហារីស (Abdul Haris) ត្រូវបានរកឃើញថា មានកំហុស «ដោយសារការធ្វេសប្រហែសរបស់គាត់ បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់» នេះបើតាមសម្តីចៅក្រម ដែលបានលើកឡើងក្នុងតុលាការ ក្នុងទីក្រុង ស៊ូរ៉ាបាយ៉ា (Surabaya)។ លោកត្រូវបានកាត់ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ។

ចៅក្រមក៏បានរកឃើញដែរថា មន្ត្រីសន្តិសុខម្នាក់ ឈ្មោះ ស៊ូកូ ស៊ីទ្រីសណូ (Suko Sutrisno) មានកំហុសនៃការធ្វេសប្រហែសរបស់លោក និងត្រូវកាត់ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ។

បុរសទាំងពីរ បានធ្វើការឲ្យក្លិបបាល់ទាត់ អ៊ែរ៉េម៉ា អេហ្វស៊ី (Arema FC) ហើយត្រូវបានហាមឃាត់ ពីសកម្មភាពទាំងអស់ ទាក់ទងនឹងបាល់ទាត់ ពេញមួយជីវិត ដោយសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី។

ជាមួយគ្នានោះ មន្ត្រីប៉ូលិសចំនួន៣នាក់ ក៏ត្រូវបានចោទប្រកាន់ពីបទស្រដៀងគ្នានោះផងដែរ ហើយករណីរបស់ពួកគេ នឹងត្រូវសម្រេចនៅពេលក្រោយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner