អ្នកនេសាទរចំនួន ៣៧នាក់ត្រូវបានសម្លាប់ នៅប្រទេសនីហ្សេរីយ៉ា

អាប៊ូចា៖ ក្រុមសកម្មប្រយុទ្ធ «ជីហាដ»បានសម្លាប់អ្នកនេសាទ ចំនួន៣៧ នាក់នៅភាគខាងជើង ប្រទេសនីហ្សេរីយ៉ា។

ក្រុមសកម្មប្រយុទ្ធ «ជីហាដ» នៅរដ្ឋ ប៊ូណូ (Borno) នៃប្រទេសនីហ្សេរីយ៉ា បានសម្លាប់អ្នកនេសាទយ៉ាងហោចណាស់ ៣៧ នាក់ នេះជាអ្វីដែលប្រភពកងជីវពលក្រុមនេះ បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ ដោយគេដឹងថា ជាអំពើហិង្សាចុងក្រោយបង្អស់នៅក្នុងតំបន់។

ប្រភពបាននិយាយថា នៅល្ងាចថ្ងៃពុធ សប្តាហ៍នេះ អ្នកប្រយុទ្ធរាប់សិបនាក់ដែលជឿថា នៅជាមួយ ក្រុមបះបោរ បូកូហារ៉ាម បានបាញ់ប្រហារទៅលើក្រុមអ្នកនេសាទនៅខាងក្រៅភូមិ គូហ្គោ (Guggo) ចម្ងាយ ១៨ គីឡូម៉ែត្រ ពីទីក្រុង ឌីក្វា (Dikwa) ។

មេដឹកនាំយោធា លោកបាបាគូរ៉ា កូឡូ (Babakura Kolo) បានប្រាប់ AFP ថា “យើងបានរកឃើញសាកសពចំនួន ៣៧ នាក់កាលពីយប់មិញ នៅតាមបណ្តោយច្រាំងទន្លេ និងគុម្ពោតព្រៃនៅក្បែរនោះ” ។ លោក បន្ថែមថា “តួលេខនេះមិនមានភាពពេញលេញទេ ហើយការស្វែងរកសាកសពបន្ថែមទៀតកំពុងដំណើរការនៅក្នុងគុម្ពោតព្រៃជុំវិញ”។ឮ

ទាំងយោធា និងអាជ្ញាធរមូលដ្ឋានមិនបានធ្វើអត្ថាធិប្បាយ លើការវាយប្រហារនេះទេ។ គ្រាន់តែដឹងថា ចាប់តាំងពីការបះបោរបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៩មក មនុស្សយ៉ាងហោចណាស់ ៤ម៉ឺននាក់ត្រូវបានសម្លាប់ ហើយមនុស្សជាង ២លាននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ នេះបើយោងតាមអង្គការសហប្រជាជាតិ។

អំពើហិង្សាក៏បានរាលដាលដល់ផ្នែកខ្លះនៃប្រទេសជិតខាង គឺប្រទេស នីហ្សេ (Niger), ប្រទេស ឆាដ (Chad) និង ប្រទេសកាំមេរូន (Cameroon) ដែលជាការប៉ះទង្គិចគ្នារវាងក្រុមចម្រុះយោធាក្នុងតំបន់ប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner