ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំហ្សឺណែវ បដិសេធសេចក្តីថ្លែងការណ៍ក្រុមអ្នករាយការណ៍ពិសេស (Video Inside)
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបដិសេធចំពោះការចេញសេចក្តីថ្លែងការណ៍ ចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេស ពាក់ព័ន្ធនឹងការកាត់ទោសរបស់កម្ពុជាជុំវិញរឿងលោក កឹម សុខា។
លោក កឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតុលាការកាត់ទោសចំនួន២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិដែល កឹម សុខា បាននិយាយដោយខ្លួនឯង តាមរយៈឃ្លីបវីដេអូពីប្រទេសអូស្ត្រាលី។
សាលក្រមបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាព ចុះថ្ងៃទី៣ មីនា ឆ្នាំ២០២៣ បានដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយ យោងតាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែបានអនុញ្ញាតឲ្យលោក ស្ថិតនៅផ្ទះដោយមិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែរង្វង់ក្រុមគ្រួសារ។
ប៉ុន្តែការកាត់ទោសរបស់តុលាការកម្ពុជា បែរជារងការចោទប្រកាន់ពីក្រុមអ្នករាយការណ៍ពិសេស ដែលចេញសេចក្តីថ្លែងការណ៍ថ្ងៃទី៨ មីនា ឆ្នាំ២០២៣ ចោទថាជារឿងនយោបាយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍១០ចំណុចដោយបញ្ជាក់តបមកវិញថា «នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសង្គមប្រជាធិបតេយ្យដទៃទៀត, បុគ្គលបំពានច្បាប់អាចត្រូវរងការចោទប្រកាន់ និងផ្តន្ទាទោសដោយឈរលើមូលដ្ឋាន នៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាបន្តថា «ឋានៈជាអ្នកនយោបាយបាន មិនថាស្ថិតនៅក្រោមស្លាកបក្សនយោបាយប្រឆាំង ឬយ៉ាងណានោះទេ ប៉ុន្តែពុំបានផ្តល់សិទ្ធិឱ្យបុគ្គលនោះធ្វើសកម្មភាព ដោយនិទណ្ឌភាពឡើយ»។
សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថាការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់ នៅក្នុងបញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា សវនាការដោយយុត្តិធម៌លើលោក កឹម សុខា ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ តាមរយៈការបើកសវនាការដោយតម្លាភាព និងជាសាធារណៈចំនួន ៦៦ លើក។
សេចក្តីថ្លែងការណ៍នៅបានពន្យល់ និងបំភ្លឺក្នុងចំណុចជាច្រើនទៀត ពាក់ព័ន្ធនឹងការឃុំខ្លួន និងការកាត់ទោស ដែលកម្ពុជាបានធ្វើតាមការអនុវត្តច្បាប់ជាកំពូល របស់ព្រះរាជាណាចក្រកម្ពុជា និងមិនមែនដូចជាអ្វីដែលក្រុមអ្នករាយការណ៍ពិសេស បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២៣ នោះឡើយ។