ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់សិង្ហបុរី ដើម្បីលក់ថាមពលអគ្គិសនីចេញពីកម្ពុជាទៅកាន់សិង្ហបុរី

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់សិង្ហបុរី គឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋសិង្ហបុរី។ ការចុះហត្ថលេខារវាងក្រុមហ៊ុនធំៗ នៃប្រទេសទាំងពីរ ធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម តាន់ ស៊ីឡេង (Tan see leng) រដ្ឋមន្រ្តីទីពីរ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ។

ឯកឧត្តម តាន់ ស៊ីឡេង (Tan see leng) បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃប្រទេសទាំងពីរ ទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា-សឹង្ហបុរី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផៅវ័រ ខូអិលធីឌី ក្រុមហ៊ុន Keppel Energy និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត សហការគ្នាយ៉ាងជិតស្និទរហូតឈានដល់ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងមេទិញលក់ថាមពលអគ្គិសនីនាពេលនេះ»។ ឯកឧត្តម បានបន្តថា «កិច្ចព្រមព្រៀងនេះ ជាជំហានដ៏សំខាន់ក្នុងពន្លឿនការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ក៏ដូចជាចាប់យកកាលានុវត្តភាពដែលកើតចេញពី ចក្ខុវិស័យខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនីពហុភាគី លើសពីព្រំដែនអន្តរជាតិ ដោយរាប់បញ្ចូលទាំងការនាំចូលជាសក្តានុពល នូវអគ្គិសនីដែលមានកាបូនទាបទៅកាន់សិង្ហបុរី»។

ឯកឧត្តម ស៊ុយ សែម បានថ្លែងថា «ក្នុងឱកាសជាប្រវត្តិសាស្ត្រនាពេលនេះ ខ្ញុំសូមជម្រាបជូនអង្គពិធីថា កិច្ចសហប្រតិបត្តិការទិញលក់ថាមពល អគ្គិសនីរវាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ផៅវ័រ ខូអិលធីឌី និងក្រុមហ៊ុន Keppel Energy Pte នេះ ជាផ្នែកមួយក្រោមក្របខណ្ឌនៃអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សឹង្ហបុរី ហើយគម្រោងនេះទទួល បានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ ដែលជាគម្រោងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បី គាំទ្រដល់ការធ្វើពាណិជ្ជកម្មថាមពលនិងសមាហរណកម្មលើវិស័យថាមពលអគ្គិសនីរវាងរដ្ឋសមាជិកអាស៊ាន រួមមាន កម្ពុជានិងសិង្ហបុរីផងដែរ និងស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥។ ដូច្នេះ ជាជំហានដំបូង ក្រសួងរ៉ែ និងថាមពល បានឯកភាពជាគោលការណ៍ឱ្យក្រុមហ៊ុនទាំងពីរ ចុះធ្វើការសិក្សាសមិទ្ធិលទ្ធភាពពេញលេញ និងប្រមូលទិន្នន័យដែនសមុទ្រលើទីតាំងជាក់ស្តែង (Marine Survey) នៅក្នុងភូមិសាស្ត្រដែនទឹក និងតំបន់សេដ្ឋកិច្ច ផ្តាច់មុខកម្ពុជា នៃគម្រោងខ្សែកាបកប់តាមបាតសមុទ្រ ដោយការងារនេះនឹងត្រូវចាប់ផ្តើមក្នុងអំឡុងខែមីនានេះ រហូតដល់ដំណាច់ឆ្នាំ ២០២៣ ខាងមុខ»។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា៖ «ក្រុមហ៊ុន Keppel Energy និងក្រុមហ៊ុន Royal Group បានពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ជំរុញកំណើនសេដ្ឋកិច្ច»។ អ្នកឧកញ៉ា បន្តថា «ភាពជោគជ័យរបស់យើងនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជំរុញការធ្វើសមាហរណកម្មក្នុងវិស័យថាមពល នៃសហគមន៍អាស៊ាន ជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ សហគមន៍អាស៊ាន និងសកលលោក។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។

កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចរបស់យើងនឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវ ខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្ត នូវធាតុផ្សំជាគន្លឹះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២»។

លោកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន Keppel Infrastructure បានថ្លែងថា «តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាចឆ្លងឆ្ពោះទៅរកថាមពលចម្រុះបៃតងយ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញភាពធន់នឹងថាមពលសម្រាប់សិង្ហបុរី និងតំបន់ផងដែរ។ ក្រុមហ៊ុន Keppel Infrastructure មានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូជាមួយកម្ពុជា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Group Power ដើម្បីផ្តល់ជូន នូវដំណោះស្រាយថាមពល រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រកបដោយចីរភាព និងអាចពង្រីកវិសាលភាពបាន ដើម្បីបំពេញតាមកំណើនតម្រូវការក្នុងតំបន់»៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner