ក្រុមស៊ើបអង្កេត អ.ស.ប និយាយថា មិនទាន់រកឃើញភស្តុតាងនៃអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែននៅឡើយទេ
ហ្សឺណែវ៖ ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការរំលោភសិទ្ធិមនុស្សនៅអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសនេះ នៅពុំទាន់អាចសន្និដ្ឋានថា មានអំពើប្រល័យពូជសាសន៍បានកើតឡើងនោះទេ។ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
ចៅក្រមន័រវេស លោក Erik Mose បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា យើងមិនបានរកឃើញថា មានអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ យ៉ាងណាមិញ យើងបានកត់សម្គាល់ថា មានទិដ្ឋភាពមួយចំនួនដែលអាចចោទជាសំណួរទាក់ទងនឹងឧក្រិដ្ឋកម្មនោះ… ប៉ុន្តែយើងមិនទាន់អាចឈានដល់ការសន្និដ្ឋានណាមួយនៅទីនេះទេ។
នៅពេលសួរអំពីការចោទប្រកាន់ជាក់លាក់ ជុំវិញអំពើប្រល័យពូជសាសន៍ រួមទាំងការផ្ទេរកុមារអ៊ុយក្រែនដោយបង្ខំទៅកាន់តំបន់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី លោក Mose បាននិយាយថា យើងពិតជាដឹងអំពីលទ្ធភាពទាំងនេះ ហើយយើងនឹងបន្តការងារនេះ ប្រសិនបើអាណត្តិរបស់យើងត្រូវបានអូសបន្លាយ។
នៅក្នុងរបាយការណ៍ដំបូងរបស់ខ្លួន ក្រុមស៊ើបអង្កេតដែលបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីមួយឆ្នាំមុន បានកំណត់ថា រុស្ស៊ីបានប្រព្រឹត្តអំពើរំលោភបំពានជាច្រើន ចាប់តាំងពីការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ការផ្ទេរដោយបង្ខំរបស់រុស្ស៊ី និងការនិរទេសកុមារអ៊ុយក្រែនទៅកាន់តំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម ហើយអ្នកស៊ើបអង្កេតក៏បានព្រមានអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលអាចកើតមានផងដែរ។
គណៈកម្មការបីនាក់ដែលដឹកនាំដោយលោក Mose ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ហើយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នឹងសម្រេចនៅដើមខែក្រោយ ថាតើត្រូវបន្តអាណត្តិមួយឆ្នាំរបស់ខ្លួនដែរឬទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
