ស្តង់ផលិតផលចំនួន ៩៧ស្តង់ បានចូលរួមតាំងបង្ហាញផលិតផល ក្នុងពិព័រណ៍ផលិតផលសក្តានុពល របស់ខេត្តរតនគិរី លើកទី៤ ឆ្នាំ២០២៣

រតនគិរី ៖ ពិព័រណ៍ពានិជ្ជកម្មផលិតផល សក្តានុពល របស់ខេត្ត និងផលិតផលនាំចេញ-នាំចូលក្រុងបានលុងខេត្តរតនគិរី លើកទី៤ ឆ្នាំ២០២៣នេះត្រូវបានរៀបចំធ្វើឡើងនៅព្រលានយន្តហោះស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី ហើយ
ត្រូវបានសម្ពោធឱ្យដំណើរការនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទី ។

លោក ខៀវ ថា ប្រធានមន្ទីរពានិជ្ជកម្មខេត្តរតនគិរីបានលើក
ឡើងថា ពិព័រណ៍ផលិតផលនេះ ប្រព្រឹត្តទៅរយៈពេល ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២២ដល់ថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ ដែលមានអាជីវករចូលរូមសុប ប្រមាណ ៩៧ស្តង់ ។ ក្នុងនោះមន្ទីរអង្គភាពអាជីវករសហគ្រាស ក្រុមហ៊ុន ក្នុងខេត្ត និងមកពីបណ្ដារមន្ទីរពាណិជ្ជកម្មខេត្ត មានដូចជា ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគីរី ,ព្រះវិហារ, កំពង់ធំ និងខេត្តត្បូងឃ្មុំ សរុប ចំនួន ២០ស្តង់ ក្រៅពីនេះ គឺអាជីវករ សេវាករ ពាណិជ្ជករ មកពីក្រៅខេត្តមានលក់ផលិតផលចម្រុះមានដូចជា ផលិតផល ប្រើប្រាស់ និងចំណីអាហារ ប្រមាណជាង ៧៩ស្តង់ ដាក់តាំងបង្ហាញនូវផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយគុណភាព និងសុវត្តិភាពដែលអាចឆ្លើយតបតម្រូវការទីផ្សារ តម្រូវការប្រើប្រាស់របស់ប្រជាជនទាំងក្នុង និងក្រៅខេត្តបាន។

ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តរតនគិរី លើកទី០៤នេះ ឯកឧត្តម ងិន ណែល បានចាត់ទុកពិព័រណ៍ផលិតផលនេះ គឺជាការបង្កើតឱ្យមានបរិយាកាសពានិជ្ជកម្មដល់អាជីវករ សេវាករ ពាណិជ្ជករ ក្នុងមូលដ្ឋាន រវាងខេត្តរតនគិរី និងខេត្តទាំងអស់នៅក្នុងប្រទេស ជំរុញវិស័យពាណិជ្ជកម្មនៅក្នុងខេត្តរតនគិរី ធ្វើសកម្មភាពរវាងខេត្ត និងខេត្តឱ្យមានភាពរស់រវើក មានសម្ព័ន្ធភាពល្អនិងគ្នា បង្កើតឱ្យមានសកម្មភាពពាណិជ្ជកម្មបន្ថែមលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ។

ឯកឧត្តម អភិបាលខេត្តស្តីទីបានបន្តថា ពិព័រណ៍ពានិជ្ជកម្មនេះក៏ការ បង្កើតឱ្យមានឱកាស នាំចេញនៅហ្នឹងកន្លែង តាមរយៈអ្នកផ្គត់ផ្គង់ដល់អ្នកទេសចរណ៍ និងអ្នកប្រើប្រាស់ ជាពិសេសជម្រុញឱ្យបណ្ដាខេត្តទាំងអស់ បានចូលរួមប្រាស្រ័យផ្លាស់ប្តូរគំនិតគ្នា និងបង្ហាញពីផលិតផលរបស់ខ្លួនសំដៅលើការផ្លាស់ប្ដូរទំនិញ រវាងខេត្ត និងខេត្ត ពង្រឹង និងពង្រីកពាណិជ្ជកម្ម នៅក្នុងខេត្តឱ្យកាន់តែមានភាពទូលំទូលាយផ្នែកសេដ្ឋកិច្ច បង្កើតឱកាសឱ្យប្រជាជន អ្នកផលិតក្នុងខេត្ត ក្នុងប្រទេសឱ្យទទួលបានចំណេះដឹង និងរៀនសូត្រនូវព័ត៌មានថ្មីៗ បង្កើតនូវសតិបញ្ញាថ្មីមួយស្តីទី បច្ចេកទេសផលិត ការអភិវឌ្ឍផលិតផល និងទីផ្សារ និងការវិវត្តន៍ផលិតផលរបស់ខេត្តនានា ក៏ដូចជាផលិតផលពីបរទេស ក្នុងន័យផ្លាស់ប្តូរព័ត៌មានពាណិជ្ជកម្មរវាងគ្នានិងគ្នា បង្កើតទីផ្សារផ្គត់ផ្គង់ និងប្រើប្រាស់ជាក់ស្តែង ផងដែរ ៕ ដោយ គតិ យុត្ត

ads banner