សម្តេចតេជោ ហ៊ុន សែន៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) គឺមិនឱ្យមានការដោះដូរជាដាច់ខាត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) គឺមិនឱ្យមានការដោះដូរជាដាច់ខាត ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ធ្ងន់ៗដូចនេះ ក្នុងពិធីបិទសន្និបាតបូក សរុប ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្សបាន ៥-១៥នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើង ។

សម្ដេច បញ្ជាក់ថា កម្ពុជា នឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុង១ឆ្នាំ គឺផ្ទៃដីប្រមាណបីលានហិកតា ឱ្យទទួលផល ៦លានហិកតា ក្នុង១ឆ្នាំ។ សម្ដេចតេជោ ក៏បានជំរុញឱ្យមានការស្រាវជ្រាវពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយនឹងការប្រែប្រួលអាកាសធាតុផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែរនាំឱ្យផលិតពូជស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់តាមតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះ បានបញ្ជាក់ធ្ងន់ៗថា ពាក់ព័ន្ធនឹងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា – Cambodian Agricultural Research and Development Institute (CARDI) គឺមិនអនុញ្ញាតអោយមានការដោះដូរជាដាច់ខាត ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
