សម្តេចតេជោ ហ៊ុន សែន៖ ការទិញអង្កររបស់ចិននាពេលកន្លងទៅ គឺជា នយោបាយជួយប្រទេសកម្ពុជាប៉ុណ្ណោះ
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២២ និងលើក ទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាក់ថា ការទិញអង្កររបស់ប្រទេសចិននាពេលកន្លងទៅ គឺជានយោបាយជួយប្រទេសកម្ពុជាតែប៉ុណ្ណោះ ខណៈប្រទេសចិន មានអង្ករបម្រុងទុករាប់រយតោនឯណោះ។

សម្តេចតេជោបន្តថា យើងត្រូវពន្លឿនការរៀបចំផែនការ និងអភិវឌ្ឍន៍ គំនិតផ្តួចផ្តើមប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តភូមិពាយ័ព្យ ដោយផ្សាភ្ជាប់ នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀងគរវិនិយោគទាំងក្នុង និងក្រៅប្រទេស មកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផលវ៉ារីវប្បកម្ម និងបសុសត្វ ទៅកាន់ទីផ្សារចិន និងអន្តរជាតិ។

សម្តេច បានថ្លែងថា កុំភ្លេចថា ចិន មានប្រជាជន ១,៤០០លាននាក់ មានតម្រូវការ ប៉ុន្តែក៏គួរតែត្រូវយល់មិត្តចិន ជួយទិញអង្ករយើងកន្លង ទៅគឺជានយោបាយជួយកម្ពុជាទេ។ កុំភ្លេចថាចិនមានអង្ករគ្រប់គ្រាន់ ហើយមានបម្រុងទុកមិនដឹងថាចិន មានបម្រុងទុកប៉ុន្មានរយលានតោន ទេ…។ បើយើងនិយាយឱ្យមិត្តជួយទិញស្កសរ លោកនាយករដ្ឋមន្ត្រីចិន សុំអភ័យ ទោសតែម្តង ។កុំគិតថាចិនមានប្រជាជនច្រើនអ៊ឹចឹងខ្វះអង្ករ ឬស្កសរ ។គឺអត់ទេ ចិនមានគ្រប់ ប៉ុន្តែ ចិនជួយទិញយើង។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្វីដែលចិនខ្វះដូចជា ផ្លែមៀន ផ្លែចេក រួមជាមួយផលិតផលផ្សេងទៀតដែលកម្ពុជា ត្រូវរកវិធីផលិត ឱ្យត្រូវនឹងស្តង់ដារ ដើម្បីអាចនាំទៅកាន់ទីផ្សាររបស់ប្រទេសចិន។ បន្ថែមពីនេះផលិតផលទាំងនោះយើងក៏អាចនាំចេញទៅកាន់ប្រទេសដទៃទៀត មិនមែនគ្រាន់តែតម្រង់ទៅកាន់ប្រទេសចិននោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានដាក់ ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ធ្វើជាប៉ូលសេដ្ឋកិច្ចទី៤ ខណៈប៉ូលសេដ្ឋកិច្ចទី១ នៅរាជធានីភ្នំពេញ, ប៉ូលសេដ្ឋកិច្ចទី២ នៅខេត្តព្រះសីហនុ, ប៉ូលសេដ្ឋកិច្ចទី៣ គឺខេត្តសៀមរាប។ សម្តេចសង្ឃឹមថា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន ដោយយកវិស័យកសិឧស្សាហកម្មជាស្នូល៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
