សម្តេចតេជោ ហ៊ុន សែន៖ វិស័យកសិកម្មបានជួយបន្ថយ ភាព តានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណា តម្លៃស្បៀង
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២២ និងលើកទិសដៅ ការងារឆ្នាំ២០២៣នៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វិស័យកសិកម្មបាន ជួយបន្ថយ ភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណា តម្លៃស្បៀង បណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន។

សម្ដេចតេជោមានប្រសាសន៍ថា បើទោះបីពិភពលោក ជួបនូវការប្រែប្រួល យ៉ាងណាក៏ដោយ ក៏កម្ពុជា មិនខ្វះខាតស្បៀងនោះឡើយ ដោយក្នុងមួយ ឆ្នាំៗ កម្ពុជា សល់ស្រូវរហូតដល់ ៦លានតោន។ នៅពេលដែលពិភពលោក ជួបប្រទះនូវវិបត្តិស្បៀងអាហារ កម្ពុជា មិនត្រឹមតែធានាបាននូវសន្តិសុខ ស្បៀង របស់ខ្លួនពេញលេញនោះទេ ប៉ុន្តែថែមទាំងអាចនាំចេញផលិតផ ល កសិកម្ម បានជាង ៨លានតោនថែមទៀតផង ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា មិនមែនថាកម្ពុជា គ្មាន គោលនយោ បាយដឹកនាំ ក្នុងវិស័យកសិកម្មទេ យើងដុតដៃដុត ជើងទាំងអស់គ្នា ទើប បានមកដល់ពេលនេះ ហើយបើទោះបីជាពិភពលោកប្រែប្រួលយ៉ាងណា តែកម្ពុជាមិនខ្វះអង្ករហូបទេ រឿងនេះគឺជារឿងច្បាស់លាស់របស់យើង ដែលមុននេះយើងធ្លាប់ខ្វះអង្ករ តែពេលនេះមិនអាចខ្វះស្បៀង ។

ជាមួយគ្នានេះ សម្តេច ក៏បានរំលឹកដល់ការដាក់ចេញនូវគោលនយោ បាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករមួយបានមួយលានតោន នៅឆ្នាំ២០១០ ដែលបានជំរុញឱ្យកម្ពុជា សម្រេចបាននូវផលិតកម្មស្រូវ គេចចេញពីការខ្វះខាត ទៅជាសល់ស្រូវ បើទោះបីមិនជោគជ័យទៅ លើការនាំចេញ មួយលានតោន ដោយសារមូលហេតុសត្យានុម័ត និងបញ្ហាទីផ្សារ ក្នុងនោះរួមទាំងតម្រូវការវិនិយោគលើម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ទុនបង្វិលជាដើម ធ្វើឲ្យកម្ពុជានាំចេញស្រូវនៅឡើយ។

សូមជម្រាបថា ផលិតកម្មដំណាំសម្រេចបានចំនួន ៣៤.៧១លានតោន ក្នុងនោះដំណាំស្រូវចំនួន ១១.៦២លានតោន ដោយមានអតិរេក (សល់) ៦.២៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤.៤២លានតោន និងដំណំាឧស្សាហកម្មចំនួន ១៨.៦៧លានតោន នៅក្នុងឆ្នាំ២០២២ ។ ជាមួយនេះ កម្ពុជា បាននាំចេញជាផ្លូវការនូវផលិតផលកសិកម្ម ដែលមានតម្លៃសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៨.៦លានតោន ដោយនាំចេញទៅកាន់ទិសដៅ ៧៤ប្រទេស កើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១ (៧.៩លានតោន) ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៣៧ពាន់តោន កើនឡើង ៣.២៣ភាគរយ ធៀបឆ្នាំ២០២១ (៦១៧ពាន់តោន) និងកសិផលក្រៅពីស្រូវអង្ករសម្រេចបាន ៥.៧៨លានតោន កើនឡើង ១១.៦% ធៀបឆ្នាំ២០២១ (៥.០១លានតោន)។ ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២ភាគរយ ក្នុងផលិតផល សរុបក្នុងស្រុក៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
