កាណាដា៖ ជនអន្តោប្រវេសន៍បរទេសធ្វើឱ្យកំណើនប្រជាជនក្នុងស្រុកកើនឡើងជាប្រវត្តិសាស្រ្ត
កាណាដា៖ស្ថិតិរបស់ប្រទេសកាណាដាបានបង្ហាញកាលពីសប្តាហ៍មុនថា ចំនួនប្រជាជនរបស់ប្រទេសបានកើនឡើងជាងមួយលាននាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅឆ្នាំកន្លងទៅ ដោយស្ទើរតែទាំងស្រុងនៃកំណើននោះបានមកពីចំនួនជនអន្តោប្រវេសន៍ និងជនស្នាក់នៅបណ្តោះអាសន្ន។ ទីភ្នាក់ងារស្ថិតិកាណាដាបានឱ្យដឹងថា កំណើនប្រជាជនក្នុងរយៈពេល ១២ ខែនៃឆ្នាំ ២០២២ មានរហូតដល់ ១,០៥ លាននាក់ ដែលធ្វើឱ្យចំនួនប្រជាជនសរុបឡើងដល់ ៣៩,៥៧ លាននាក់។ ប្រមាណ ៩៦
ភាគរយនៃកំណើនប្រជាជនទាំងជាងមួយលាននាក់នោះ គឺជាជនអន្តោប្រវេសន៍មកពីបរទេស។
ទីភ្នាក់ងារនិយាយថា កំណើននេះអាចធ្វើឱ្យកាណាដារក្សាតំណែងរបស់ខ្លួន ក្នុងនាមជាប្រទេស G-7 ដែលរីកលូតលាស់លឿនជាងគេបំផុត និងធ្វើឱ្យអត្រាកំណើនប្រជាជនមានរហូតដល់ ២,៧ ភាគរយ ដែលអត្រានេះនឹងកើនឡើងទ្វេដងក្នុងរយៈពេលប្រហែល ២៦ ឆ្នាំ។ នៅឆ្នាំ ២០២២ កាណាដាបានស្វាគមន៍ជនអន្តោប្រវេសន៍ចំនួន ៤៣៧ ១៩០ នាក់ ហើយចំនួនជនស្នាក់នៅបណ្ដោះអាសន្នបានកើនឡើងរហូតដល់ ៦០៧ ៧៨២ នាក់។ ទីភ្នាក់ងារស្ថិតិកាណាដា បាននិយាយថា តួលេខទាំង២នេះគឺជាកម្រិតខ្ពស់បំផុតនៅលើកំណត់ត្រា
ហើយឆ្លុះបញ្ចាំងពី «គោលដៅអន្តោប្រវេសន៍ខ្ពស់ និងជាឆ្នាំបំបែកកំណត់ត្រាសម្រាប់ដំណើរការកម្មវិធីអន្តោប្រវេសន៍» របស់ប្រទេស។
សូមគូសបញ្ជាក់ថា កាណាដាពឹងផ្អែកលើជនអន្តោប្រវេសន៍ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន និងគាំទ្រដល់ប្រជាសាស្រ្តដែលមានវ័យចំណាស់។ រដ្ឋាភិបាលសេរីនិយមរបស់លោកនាយករដ្ឋមន្ត្រី ចាស្ទីន ឌ្រូដូ បានបង្កើនជនអន្តោប្រវេសន៍គួរឱ្យកត់សម្គាល់ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១៥។
បច្ចុប្បន្ននេះ ទីក្រុងអូតាវ៉ាក៏កំពុងដំណើរការគម្រោងពិសេស ដើម្បីទទួលយកជាបណ្តោះអាសន្ននូវប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិនានា ដូចជាសង្រ្គាមអ៊ុយក្រែន អស្ថិរភាពនៅអាហ្វហ្គានីស្ថាន ឬការរញ្ជួយដីនាពេលថ្មីៗនេះនៅតួកគី និងស៊ីរី។
បើយោងតាមក្រសួងអន្តោប្រវេសន៍របស់ប្រទេសកាណាដា អន្តោប្រវេសន៍គ្រប់ដណ្ដប់ជិត ១០០ ភាគរយនៃកំណើនកម្លាំងពលកម្មរបស់ប្រទេស ហើយនៅឆ្នាំ ២០៣៦ ជនអន្តោប្រវេសន៍ត្រូវបានព្យាករណ៍ថានឹងមានប្រហែល ៣០ ភាគរយនៃចំនួនប្រជាជនកាណាដា ដោយកើនឡើងពីអត្រា ២០,៧ ភាគរយក្នុងឆ្នាំ ២០១១។
នៅក្រោមផែនការរយៈពេលបីឆ្នាំ ដែលបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន រដ្ឋាភិបាលរបស់លោក ឌ្រូដូ ចង់បន្តបង្កើនគោលដៅអន្តោប្រវេសន៍ប្រចាំឆ្នាំ ជាមួយនឹងគោលដៅផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដល់មនុស្ស ៤៦៥ ០០០ នាក់នៅឆ្នាំ ២០២៣ និងបង្កើនគោលដៅដដែលរហូតដល់ ៥០០ ០០០ នាក់ នៅឆ្នាំ ២០២៥៕
ប្រែសម្រួល៖ហួន ឌីណា