នាវាដឹកប្រេងរបស់អ៊ីរ៉ង់ ដែលអាជ្ញាធរអង់គ្លេសឃាត់ទុកនោះ ចាកចេញពីដែនទឹក ជីប្រាល់តា ហើយ
អ៊ីរ៉ង់៖ កប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ Grace-1 ដែលត្រូវបានរឹបអូសនៅក្នុងដែនដី ជីប្រាល់តា ដោយសារតែបានបំពានទៅលើទណ្ឌកម្មរបស់សហភាពអឺរ៉ុបនោះ បានធ្វើដំណើរចេញពីដែនទឹកនៃតំបន់ ជីប្រាល់តា ហើយ បន្ទាប់ពីតុលាការកំពូលនៃដែនអាណានិគមអង់គ្លេសមួយនេះ បានបដិសេធសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានស្នើឲ្យប្រគល់កប៉ាល់នេះទៅសហរដ្ឋអាម៉េរិក។
យោងតាមទិន្នន័យត្រួតពិនិត្យរបស់ចរាចរណ៍ផ្លូវទឹក បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កប៉ាល់ដឹកប្រេងដែលត្រូវបានប្តូរឈ្មោះពីនាវា Grace 1 ទៅជាកប៉ាល់ Adrian Darya 1 បានធ្វើដំណើរឆ្ពោះទៅកំពង់ផែប្រទេសក្រិក បើទោះបីជាក្រុមមន្រ្តីមិនបានបញ្ជាក់អំពីទិសដៅរបស់កប៉ាល់នេះជាសាធារណៈក៏ដោយ។ បើតាមក្រសួងយុត្តិធម៌ដែនដី ជីប្រាល់តា ការស្នើសុំជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងការឃាត់ទុកកប៉ាល់នេះ ផ្អែកលើបទល្មើសនៅក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចបន្ទាន់ ដែលទាក់ទិនទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប្រឆាំងនឹងអ៊ីរ៉ង់នោះ មិនអនុលោមតាមច្បាប់របស់ដែនដី ជីប្រាល់តា និង អង់គ្លេស ឬក៏សហភាពអឺរ៉ុបនោះទេ។
ដោយឡែក នាយករដ្ឋមន្រ្តី ជីប្រាល់តា លោក Fabian Picardo ក៏បានថ្លែងដែរថា អ៊ីរ៉ង់បានផ្តល់ការធានាអះអាងថា ប្រេងទាំងនេះនឹងមិនដឹកទៅឲ្យប្រទេសស៊ីរី ជាទិសដៅដែលត្រូវបានហាមឃាត់ដោយទណ្ឌកម្មសហភាពអឺរ៉ុប ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Bashar al-Assad នោះទេ៕ធ.ដ