កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារដ៏ធំលើកដំបូងនាថ្ងៃ២១សីហា

ក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) គ្រោងនឹងរៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) នាថ្ងៃទី២១ខែសីហា ឆ្នាំ២០១៩ខាងមុខ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារអន្តរជាតិដ៏ធំលើកដំបូងនៅកម្ពុជា។

សន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ក្រោមប្រធានបទ «លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព» ត្រូវគេរាយការណ៍ថា មានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយសម្តេចតេជោ ហ៊ុន សែន។ សន្និសីទអន្តរជាតិនោះ ក៏នឹងមានការចូលរួមពីវាគ្មិនជាតិ-អន្តរជាតិ តំណាងអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសសមាជិកអាស៊ាន ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និងមានការតាំងបង្ហាញផលិតផលខ្មែរមកពីបណ្តារាជធានី-ខេត្តនានាផងដែរ។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានអញ្ជើញប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្នែករដ្ឋ ឯកជន និងស្ថានប័នពាក់ព័ន្ធនានា សហការចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner