ប្រជាពលរដ្ឋពីរនាក់រងរបួសធ្ងន់ ពេលដែលចុះទៅមើលជំនាញសូរិយោដីពីក្រសួង វាស់វែងដីតំបន់អតីតដែនឡូត៍នេសាទលេខ៥ ទៅឲ្យក្រុមហ៊ុន
កណ្តាល៖ ប្រជាពលរដ្ឋ២នាក់ជាម្ចាស់ដី រស់ក្នុងភូមិលេខ៥ និងភូមិលេខ៦ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ម្នាក់រងរបួសក្បាលធ្ងន់ និងម្នាក់ទៀតរបួសបាក់ឆ្អឹងផាលត្រគៀក ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅគ្លីនិកសម្ភពបញ្ញាក្រុងតាខ្មៅ និងមួយចំនួនទៀតរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បង្កឡើងដោយជនមួយក្រុមជិះរថយន្តកញ្ចក់បិទស្កត់ខ្មៅ ដេញបុករថយន្តពួកគាត់នៅចំណុចបឹងកងចក្រជាប់ព្រំប្រទល់ស្រុកស្អាង និងស្រុកលើដែក នៅតំបន់អតីតឡុត៍នេសាទលេខ៥ភូមិលេខ៥ និងលេខ៦ ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ថៅ ថន អាយុ៥៣ឆ្នាំ រងរបួសបាក់ឆ្អឹងផាលត្រគៀក និងឈ្មោះ អូន ណាក់ អាយុ ៥៣ឆ្នាំ រងរបួសផ្នែកក្បាលរហូតក្អួត អ្នកទាំងពីររស់នៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល និង៥នាក់ទៀតរងរបួសស្រាល។
លោក អូន ណាក់ បានប្រាប់អ្នកយកព័ត៌មានយើងថា ក្រោយពីទទួលព័ត៌មានថា មានជំនាញសូរិយោដីចុះពីក្រសួងទៅវាស់ និងកំណត់ដីបឹងអតីតដែនឡូត៍នេសាទលេខ៥ ឬហៅថាបឹងជ្រាំប្រាំង ទៅឲ្យក្រុមហ៊ុន។ ដោយពួកគាត់មានដីអាស្រ័យផលនៅ ចំណុចនោះបន្តិចបន្តួចម្នាក់ ក៏បាននាំគ្នាជិះរថយន្តមួយគ្រឿងម៉ាកតាកូម៉ា មានគ្នា៧នាក់ ទៅចាំមើលក្រុមគណៈកម្មការ និងជំនាញសូរិយោដីចុះពីក្រសួង។ លុះពេលពួកគាត់ទៅដល់ម្តុំបឹងកងចក្រអតីតឡូត៍នេសាទលេខ៥នោះ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបិតស្កុតកញ្ចក់ខ្មៅ ជិះមកដេញបុករថយន្តពួកគាត់បណ្តាលឲ្យពួកគាត់ជិះខាងក្រោយចំនួន៥នាក់ ធ្លាក់៤នាក់ចុះបោកទៅនឹងដី។
លោកបានបន្តថា ក្រោយបុករថយន្តពួកគាត់ ធ្លាក់អ្នកជិះ៤នាក់ហើយនោះ រថយន្តបង្កព្យាយាមបើកគេច អ្នកបើកបររថយន្តរងគ្រោះបានព្យាយាមបើកដេញតាមដោយគាត់មិនទាន់ធ្លាក់គឺគាត់នៅតោង ដេញតាមប្រហែល១០០០ម៉ែត្រទើបរថយន្តវាក់នឹងប្រឡាយរថយន្តបង្កបន្ថែមល្បឿនទៅបាត់។ ចំណែករថយន្តរងគ្រោះពួកគាត់ជាន់ហ្វ្រាំងមិនទាន់ជ្រុលធ្លាក់ប្រឡាយដូចគ្រវែងគាត់ចោលបោកទៅនឹងដីសន្លប់បាត់ស្មារតីតែម្តងទៅ លុះដឹងខ្លួននៅមណ្ឌលសុខភាពតាលន់។ ដោយស្ថានភាពជំងឺធ្ងន់ គ្រូពេទ្យមណ្ឌលសុខភាពឃុំតាលន់បានបញ្ជូនទៅកាន់គ្លីនិកសម្ភពបញ្ញា ដើម្បីស្កេនមើលស្ថាន ភាពរបួស។
លោកបានបន្តថា ក្រោយពីបញ្ជូនមកដល់គ្លីនិកសម្ភពបញ្ញា គ្រូពេទ្យបានហៅគាត់ចូលស្កេនមើលមុនព្រោះគាត់មកដល់ក្អួតខ្លាំង រួចទើបនាំលោក ថៅ ថន ចូលទៅថត។ ក្រោយថតរួចក្រុមគ្រូពេទ្យបានប្រាប់ថា រូបគាត់មានបញ្ហាធ្ងន់ត្រង់ក្បាល ចំណែកលោក ថៅ ថន បាក់ឆ្អឹងផាលត្រគៀកដាច់ពីគ្នា ត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរពេទ្យកាល់ម៉ែត្រ តែបើមន្ទីរពេទ្យទាំងពីរនោះអត់មានឆ្អឹងផ្លាស់ប្តូរ គឺមានតែបញ្ជូនទៅវៀតណាម។ លោកបានបញ្ជាក់ថា រថយន្តមកបុករថយន្តពួកគាត់នោះ ជារថយន្តមកពីស្រុកលើកដែក តែគាត់មិនដឹងថាអ្នកនៅក្នុងរថយន្តនោះប៉ុន្មាននាក់ទេ ព្រោះរថយន្តបិតស្កត់ខ្មៅមើលខាងក្នុងមិនឃើញ។ សកម្មភាពនេះហាក់បីដូចជាមានគម្រោងរៀបចំចាំធ្វើបាបប្រជាពលរដ្ឋ ព្រោះរថយន្តបិតស្កត់ខ្មៅមើលមិនឃើញខាងក្នុង។
បើយោងតាមប្រជាពលរដ្ឋជាច្រើននាក់បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មាននោះនិយាយថា ក្រោយពីទទួលដំណឹងថា មានជំនាញសូរិយោដីមកពីក្រសួងចុះទៅវាស់វែង និងកំណត់ទំហំដីផងដែរនៅចំណុចអតីតឡូត៍នេសាទលេខ៥នេះ ដោយមានជំនាញពាកជាច្រើនចូលរួមផងដែរ។ តាមពួកគាត់អះអាងថា ជំនាញចុះមកវាស់វែងនេះ គឺវាស់ទៅឲ្យលោកឧកញ៉ាម្នាក់ដែលពួកគាត់លឺគេហៅថា ឧកញ៉ា ភឺន ផល្លា។ ពលរដ្ឋបានបន្តទៀតថា ដោយខ្លាចគេវាស់ចូលដីពួកគាត់ទើបពួកគាត់នាំគ្នាមកពិនិត្យសកម្មភាពរបស់ជំនាញទាំងនោះ។
បើយោងតាមលោក ម៉ៅ តារា អភិបាលរងស្រុកស្អាងបានប្រាប់អ្នកយកព័ត៌មានថា ការចុះមកវាស់វែងនេះ គឺធ្វើឡើងទៅតាមលិខិតណែនាំរបស់ក្រសួង និងសាលាខេត្តផងដែរ ប៉ុន្តែក្រោយពីធ្វើការវាស់វែង និងបាញ់បាន២ពង់ ត្រូវបានប្រជាពលរដ្ឋលើកគ្នាមកតវ៉ាដោយកាក់ព័ទ្ធរថយន្ត គោយន្តជិត ទើបលោកឆ្លងយោបល់មកលោកអភិបាលស្រុកស្អាងដើម្បីសុំយោបល់ ពេលនោះលោកអភិបាលស្រុកក៏សម្រេចដកកម្លាំងចេញមកវិញសិន ដើម្បីរង់ចាំគោលការណ៍ពីថ្នាក់ខេត្តបន្ត៕ធ.ដ