កម្ពុជារៀបចំសន្នីសីទអ្នកប្រើប្រាស់ថ្នាក់ជាតិលើកដំបូងនៅដើមខែមេសា ដើម្បីលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) គ្រោងរៀបចំសន្នីសីទអ្នកប្រើប្រាស់ថ្នាក់ជាតិនៅដើមខែមេសាខាងមុខនេះ  ក្រោមប្រធានបទ «ពង្រឹងសិទិ្ធអំណាចអ្នកប្រើប្រាស់ដើម្បីជំរុញការអនុវត្តដោយសុចរិតលើទីផ្សារ»។ សេចក្ដីប្រកាសព័ត៌មានរបស់អ្នករៀបចំបង្ហាញថា សន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិនេះ

នឹងត្រូវប្រព្រឹត្តឡើងជាទម្រង់ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីទទួលស្គាល់ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ទាក់ទាញការយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានសម្រាប់ការការពារអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចដែលកំពុងវិវឌ្ឍន៍  ទាំងការអនុវត្ត និងគោលនយោបាយ។ សន្និសីទនេះ ក៏ធ្វើឡើងដើម្បីផ្តល់ឱកាសមួយក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈផ្សេងគ្នាពីរដ្ឋាភិបាល វិស័យឯកជន បណ្ឌិតសភា និងអង្គការដទៃទៀត ជាពិសេសលើការបង្កើតសមាគមអ្នកប្រើប្រាស់។

សន្និសីទក៏ធ្វើឡើងក្នុងបំណងកសាងភាពជាដៃគូរវាងស្ថាប័នសាធារណៈនិងវិស័យឯកជន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីជាតិការពារអ្នកប្រើប្រាស់ (NCPP)។

ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា អ្នកប្រើប្រាស់នៅគ្រប់ប្រទេសគួរតែមានសុវត្ថិភាពពីការអនុវត្តអាជីវកម្មដែលគ្មានសីលធម៌ ឬអយុត្តិធម៌។លោកបន្ថែមថា  ទោះបីជាមានក្របខណ្ឌច្បាប់ និងយន្តការសម្រាប់ដោះស្រាយពាក្យបណ្តឹងក៏ដោយ តែការប្រកបអាជីវកម្មនានាត្រូវធ្វើដោយការទទួលខុសត្រូវ។ឯកឧត្តមបញ្ជាក់ថា៖«កម្ពុជានឹងរៀបចំ «សន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិឆ្នាំ២០២៣» ជាលើកដំបូងរបស់ខ្លួន ដើម្បីទទួលស្គាល់ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិអ្នកប្រើប្រាស់នៅកម្ពុជា និងចូលរួមជាមួយពិភពលោកក្នុងការប្រារព្ធទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកផងដែរ»។ព្រឹត្តិការណ៍នេះទាក់ទាញការយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានសម្រាប់ការការពារអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចដែលកំពុងវិវឌ្ឍន៍ ទាំងការអនុវត្ត និងគោលនយោបាយ ហើយវាផ្តល់ឱកាសមួយដើម្បីស្តាប់ទស្សនៈផ្សេងគ្នាពីរដ្ឋាភិបាល វិស័យឯកជន និងអង្គការផ្សេងៗទៀត។ ដូចនេះ វាគឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនសម្រាប់ការអនុវត្តកម្មវិធីជាតិគាំពារអ្នកប្រើប្រាស់។ឯកឧត្តមលើកឡើងថា សន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិឆ្នាំ២០២៣នេះ គ្រោងនឹងមានអ្នកចូលរួមចំនួន ១៦៥នាក់ មកពីបណ្ដាមន្ត្រីរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធ មន្ត្រីក.ប.ប តំណាងសមាគមអាជីវកម្ម និងម្ចាស់អាជីវកម្ម ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)  អ្នកដឹកនាំ និងអ្នកតំណាងដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល សាកលវិទ្យាល័យ និងរួមទាំងអ្នកប្រើប្រាស់ផងដែរ។ ហើយសន្និសីទនេះ ក៏បានអនុញ្ញាតឲ្យសាធារណៈជន អាចធ្វើការចូលរួមតាមអ៊ីនធឺណិតតាមរយៈប្រព័ន្ធZOOM ជាដើម។

 កម្មវិធីសន្និសីទនេះ នឹងមានការរៀបចំបែងចែកជាពីរផ្នែកគឺផ្នែកទី១. កម្មវិធីពេលព្រឹក ជាវេទិកាបង្ហាញពីទិដ្ឋភាពទូទៅនៃការអនុវត្តកិច្ចការពារអ្នកប្រើប្រាស់ និងការពិភាក្សាលើបញ្ហាចម្បងៗ នាពេលបច្ចុប្បន្ន រួមជាមួយនឹងសកម្មភាពដែលអាចធ្វើទៅបាននាពេលអនាគត  និងផ្នែកទី២. កម្មវិធីពេលរសៀល ជាសិក្ខាសាលា  ពិភាក្សាលើ «ការលើកតម្កើងសិទ្ធិអ្នកប្រើប្រាស់»។ សូមបញ្ជាក់ថា នៅក្នុងអាស៊ាន គណៈកម្មាធិការអាស៊ានស្តីពីការការពារអ្នកប្រើប្រាស់ (ACCP) បានកំណត់ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការការពារអ្នកប្រើប្រាស់ឆ្នាំ ២០១៦-២០២៥ (ASAPCP) ដើម្បីគាំទ្រដល់រដ្ឋសមាជិកអាស៊ាន (AMS) ក្នុងការបង្កើតក្របខ័ណ្ឌនីតិប្បញ្ញត្តិ។ ស្របតាមគំនិតផ្តួចផ្តើមរបស់

ACCP កម្ពុជាបានអនុម័តច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់នៅចុងឆ្នាំ២០១៩៕

ដោយ៖ជា សុខនី

ads banner