សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ដែលមានជាង ៦០ឆ្នាំមកនេះកាន់តែរឹងមាំថែមទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេស ម៉ាឡេស៊ី នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការមិត្តភាពនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី នាពេលនេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង ៦ទសវត្សមកនេះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ។

ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្តេចប្រធានរដ្ឋសភា មានសេចក្តីរីករាយក្រៃលែងដោយ សងេ្កតឃើញថា រដ្ឋាភិបាលទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ទាំងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ។ ដោយឡែក ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្រុមមិត្តភាពរដ្ឋសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិកម្ម រដ្ឋសភាទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ តាមរយៈ ឯកឧត្តមនាយករដ្ឋមន្រ្តី សម្តេចបានផ្តាំផ្ញើសាកសួរសុខទុក្ខថ្នាក់ដឹកនាំសភាម៉ាឡេស៊ីទាំងអស់ រដ្ឋសភាកម្ពុជាត្រៀមធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសភាម៉ាឡេស៊ី ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ
