វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជិត៥០ ម៉ឺនដូស នឹងដឹកមកដល់ កម្ពុជានៅយប់ថ្ងៃទី២៧ ខែមីនានេះ

អត្ថបទដោយ៖
CPA

ភ្នំុពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំង កូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់លើកុមារអាយុចាប់ពី ១២ឆ្នាំ ទ្បើង នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ តាមរយៈយន្តការកូវ៉ាក់ (COVAX)។នេះបើ តាម ការថ្លែងប្រាប់អ្នកសារព័ត៌មានរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀល ថ្ងៃទី២៧ ខែមីនានេះ។

លោកជំទាវ យក់ សម្បត្តិ បានថ្លែងថា វ៉ាក់សាំងកូវីដ១៩ ជិត៥០ ម៉ឺនដូសជាប្រភេទPfizerតាមរយៈយន្តការកូវ៉ាក់នឹង ត្រូវដឹកមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅយប់នេះម៉ោងប្រមាណជា១១ ។

ចំណែកលោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនងនៃអង្គការ យូនីសេហ្វកម្ពុជា បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែមីនា ថា វ៉ាក់សាំងដែលមកដល់នាយប់នេះ មិនមែនជាជំនួយរបស់អាមេរិកទេ ប៉ុន្តែជារបស់យន្តការកូវ៉ាក់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលស្លូវ៉ាគី (Slovakia) និងហ្វាំងទ្បង់ (Finland)។វ៉ាក់សាំងនេះមានចំនួន ៤៩៨ ២៤០ដូស ដែលជាប្រភេទ Pfizer សម្រាប់ចាក់ដល់ មនុស្ស អាយុចាប់ពី ១២ឆ្នាំ ទ្បើង។

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងកាលពីថ្ងៃទី២២ខែមីនាកន្លងទៅនេះថាទោះបីយើងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក៏ដោយក៏សម្ដេចសូមអំពាវនាវដល់បងប្អូនសុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែស មើលស្រាល ដល់ ជំងឺដ៏កាចសាហាវនេះឡើយ។

សម្ដេចតេជោបានបន្តទៀតថាបើទោះជាមានការថមថយ ធូរស្រាល ហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ចដោយសូមបងប្អូន បន្តអនុវត្តតាមវិធានការ ការពារ ខ្ញុំជាប់ជាប្រចាំឱ្យបានខ្ជាប់ខ្ជួន និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី៣ ទី៤ ទី៥ និងដូសទី៦ ដើម្បីប្រឆាំងជំងឺកូវីដ១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣លទ្ធផលចាក់វ៉ាក់សាំង ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥០%។

ក្រសួងបានបន្តថា អត្រានៃការចាក់វ៉ាក់សាំងដូសទី៣មានចំនួនជាង ១០,៥លាននាក់។ អត្រាចាក់ដូសទី៤ មានចំនួនជាង ៥លាននាក់។ អត្រានៃការចាក់ដូសទី៥ មានចំនួនជាង ១,៧ លាននាក់ និងអត្រា នៃការចាក់វ់ាក់សាំងកូវីដ១៩ដូសទី៦ មានចំនួនជាង៣៣ ម៉ឺននាក់។

ទាក់ទងនឹងចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៧ ខែមីនា ករណីឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៣៨ ៧២៣នាក់។ ចំណែក ករណីជាសះស្បើយសរុប ១៣៥ ៦៦៥នាក់ និងករណី ស្លាប់សរុបចំនួន ៣ ០៥៦នាក់៕
ដោយ៖នាង សុគន្ធា

ads banner