ឯកឧត្តម ព្រុំ សុខា ៖ ការបើកសេដ្ឋកិច្ចសង្គមជាតិឡើងវិញ ជំរុញឱ្យកំណើនសេដ្ឋកិច្ច ស្ទុះងើបឡើងវិញក្នុងឆ្នាំ២០២២និងឆ្នាំ២០២៣
ក្រចេះ៖ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានលើកឡើងថា ការបើកសេដ្ឋកិច្ចសង្គមជាតិឡើងវិញ ជំរុញឱ្យកំណើនសេដ្ឋកិច្ច ស្ទុះងើបឡើងវិញក្នុងអត្រាប្រមាណ ៥.៣ភាគរយក្នុងឆ្នាំ២០២២ និងប៉ាន់ប្រមាណ ៥.៦ភាគរយក្នុងឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បង្កជាកម្លាំងសាមគ្គីជាតិខ្លាំងក្លាប្រយុទ្ធឈ្នះកូវីដ-១៩ បង្កើតភាពធន់រឹងមាំ នាំសង្គមជាតិមកកាន់ប្រក្រតីភាពវិញបានដូចសព្វថ្ងៃ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលខិតខំពុះពារជម្រុញអនុវត្តគោលនយោបាយគាំពារសង្គមដោយបានបើកផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ បង្កដោយវិបត្តិជាផលប៉ះពាល់នៃកូវីដ-១៩ ក៏ដូចជាការធ្វើសកម្មភាពការងារសង្គមផ្សេងៗជាប្រយោជន៍ដល់មុខសញ្ញាងាយរងគ្រោះដែលបង្កដោយផលប៉ះពាល់ដទៃទៀត។ល។ សមិទ្ធផលធំមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការអនុវត្តដ៏ឈ្លាសវៃ ទន់ភ្លន់ នូវគោលនយោបាយការបរទេស ឯករាជ្យ ផ្អែកលើច្បាប់ បានជួយឱ្យកម្ពុជាសម្រេចបានដោយជោគជ័យនូវតួនាទីរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នៅក្នុងរាជធានីភ្នំពេញ ហើយដែលបានលើកកម្ពស់មុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

ការលើកឡើងរបស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ២០២៣និងឆ្នាំបន្តរបស់រដ្ឋបាលខេត្តក្រចេះ។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីក៏បានលើកឡើងដែរថា សម្រាប់ឆ្នាំ២០២៣នេះ និងបណ្តាឆ្នាំបន្ត ស្ថិតក្នុងស្ថានភាពនៃការវិវត្តប្រែប្រួលឆាប់រហ័សនិងមិនប្រាកដប្រជានៃស្ថានការណ៍ពិភពលោកដែលបន្តដោយការប្រជែងដណ្តើមឥទ្ធិពលភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុជាសកលនិងការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន ជាទិសដៅភារកិច្ចបន្ត ដើម្បីពង្រឹងបុព្វហេតុចំពោះមុខ និងយូរអង្វែងរបស់សង្គមជាតិកម្ពុជា គឺសុខសន្តិភាព វឌ្ឍនភាព វិបុលភាពរបស់មនុស្សគ្រប់ជំនាន់ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះបានលើកឡើងនូវចំណុចសំខាន់ ៥ យ៉ាងដើម្បីជាគតិ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការដឹកនាំការងាររបស់ផងដែរ៕
ដោយ៖ ង៉ាន់ ទិត្យ
