ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូមកពីបួនឃុំក្នុងស្រុកបាទី

តាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ មកពីបួនឃុំ រួមមាន ឃុំចំបក់ ឃុំត្រពាំងក្រសាំង ឃុំក្រាំងលាវ និងឃុំត្រពាំងសាប ជាង ៤០០ នាក់ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាទី ខេត្តតាកែវ។

ថ្លែងទៅកាន់ ថ្នាក់ដឹកនាំមន្ត្រី លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ឯកឧត្តម បានលើកឡើងពី វឌ្ឍនភាពកំណែទម្រង់ការងារវិស័យប្រៃសណីយ៍ ទូរគមនាគន៍ និងបច្ចេកវិទ្យាឌីជីថល ដែលក្រសួងសម្រេចបាននាពេលកន្លងមក ។ ឯកឧត្តម ក៏បាន បង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជំនះបាននូវរាល់ឧបសគ្គ ហើយស្តារស្ថានភាពឱ្យប្រសើរឡើងវិញ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។ ឯកឧត្តមក៏បានបង្ហាញពី បច្ចុប្បន្នភាពស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសនិងសកលលោកជូនដល់ បុគ្គលិក មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ អំពីស្ថានភាពគណបក្សប្រឆាំងនាពេលបច្ចុប្បន្ន។

ឯកឧត្តម ប្រធានក្រុមការងារក៏បានការណែនាំបងប្អូនឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ និងបញ្ជូនកូនចៅឱ្យបន្តការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ បន្តយកចិត្តទុកដាក់លើបញ្ហាជីវភាពគ្រួសារ ជៀសវាងអំពើហឹង្សាក្នុងគ្រូសារ ផ្តល់សុភមង្គលក្នុងក្រុមគ្រួសារ។

ឯកឧត្តម ថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំមន្ត្រី លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានផលប្រយោជន៍ដូចបច្ចុប្បន្ន និងទទួលបានផលប្រយោជន៍តទៅមុខទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner