WCS ៖ អណ្តើកហ្លួងចំនួនពីរក្បាល ដែលរងរបួសយ៉ាងធ្ងន់ធ្ងរបានជាសះស្បើយពីរបួស

អត្ថបទដោយ៖
CPA

ភ្នំពេញ:អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) បានឱ្យដឹងថា អណ្តើកហ្លួងចំនួនពីរក្បាល ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីពេលកន្លងទៅនោះ បច្ចុប្បន្នបានជាសះស្បើយហើយ ក្រោយទទួលបានយកចិត្តទុកដាក់ក្នុងការមើលថែ និងព្យាបាលពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ។

អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) បានប្រកាសឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះថា ៖« សូមអរគុណដល់ដៃគូរអភិរក្ស មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលបានធ្វើការយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការមើលថែ និងព្យាបាលអណ្តើកហ្លួងចំនួន២ក្បាលឲ្យជាសះស្បើយ ដែលកន្លងមកអណ្តើកទាំង២ក្បាលនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ»។

អង្គការ WCS បានបញ្ជាក់ដែរថា ក្នុងនោះអណ្តើកហ្លួងចំនួន៣ក្បាលទៀត ដែលបានចិញ្ចឹមថែទាំក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ នេះ ក៏ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញដោយអង្គការ WCS កាលពីថ្ងៃពុធទី២២ ខែមីនាកន្លងទៅផងដែរ។

ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីមូលហេតុអ្វី ដែលបណ្តាលឱ្យអណ្តើកហ្លួងទាំងពីរខាងលើរបួសធ្ងន់ធ្ងរ និងរយៈពេលនៃការព្យាបាលក្តី ប៉ុន្តែតាមរយៈសកម្មភាពនេះ អង្គការខាងលើនេះ ក៏បានចាត់ទុកថា៖« នេះគឺជាព័ត៌មានដ៏គួរឱ្យរីករាយមួយក្នុងចំណោមការងារសម្រេចបានជាច្រើនទៀតក្នុងការការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ដែលយើងមានមោទនភាពក្នុងការចែករំលែកជូនសាធារណៈជនបានដឹង»

ទន្ទឹមគ្នានេះដែរ អង្គការ CWS អះអាងដែរដា រាល់ការសម្រេចបានសមិទ្ធិផលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែង និងការសហការគ្នារវាង រដ្ឋបាលជល ACCB និងក្រុមការងារអភិរក្សរបស់អង្គការWCS ដែលធ្វើការនៅខេត្តកោះកុង និងដងទន្លេមេគង្គ ខណៈ CWS ក៏បានចូលរួមអរគុណ និងអបអរសាទរផងដែរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការការពារធនធានសត្វព្រៃរបស់យើង និងសូមចូលរួមបន្តទៀតសម្រាប់ការងារអភិរក្សទាំងអស់គ្នា។

គួរបញ្ជាក់ដែរថា បើតាមអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) ធ្លាប់បានឱ្យដឹងថា អណ្តើកហ្លួង មានឈ្មោះជាភាសាអង់គ្លេសថា Southern River Terrapin និងឈ្មោះវិទ្យាសាស្ត្រថា Batagur affinis។
អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។ អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ឧបករណ៍ហាមឃាត់នានា ការនេសាទក្នុងតំបន់ហាមឃាត់ ជាដើម ជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន ដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខ បើមិនមានការការពារត្រឹមត្រូវ។
កាលពីឆ្នាំ២០០៥ កន្លងទៅ អណ្តើកប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចេញព្រះរាជក្រឹត្យចាត់ចំណាត់ថ្នាក់ប្រភេទនេះជា សត្វល្មូនជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៀតផង៕
អត្ថបទ៖ សែម ពិសី

ads banner