អាជ្ញាធរ ស្រុកបន្ទាយអំពិល អំពាវនាវឲ្យប្រជាពលរដ្ឋឲ្យរួមគ្នាថែរក្សាប្រភពទឹក ទុកទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំងនេះ
ខេត្តឧត្តរមានជ័យ ៖ ដើម្បីធានាបាននូវនិរន្តរភាពក្នុងការថែរក្សាទឹក សម្រាប់ប្រើប្រាស់នារដូវប្រាំង អាជ្ញាធរស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខ្លួន ឲ្យខិតខំថែរក្សាប្រភពទឹកឲ្យបានគង់វង់ល្អ មិនត្រូវប្រើទឹកខ្ជះខ្ជាយឡើយ ខណៈដែលអាកាសធាតុមានការប្រែប្រួលក្តៅខ្លាំង មិនសូវមានភ្លៀងកក់ខែ ហើយរដូវវស្សា ក៏មិនទាន់ចូលដល់។
លោក ចន ផល្លីន អភិបាលរងស្រុកបន្ទាយអំពិល បានអំពាវនាវបែបនេះ ក្នុងពិធីឆ្លងសាលាធម្មសភាមួយខ្នង ស្ថិតនៅវត្តគោកឱឡោក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៣ ។
លោក ចន ផល្លីន បានបញ្ជាក់ថា ៖ អាជ្ញាធរបានធ្វើការផ្សព្វផ្សាយ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អំពីការរក្សាប្រភពទឹកនេះដល់ប្រជាពលរដ្ឋទូទាំងឃុំ ដោយសារតែអាកាសធាតុក្ដៅហួតហែង ហើយប្រភពទឹក រួមមាន បឹងបួរ អាងទឹក ស្រះជាដើម ត្រូវបានខះរីងស្ងួតជាបណ្ដើរៗ ខណៈគ្មានភ្លៀងធ្លាក់កក់ខែទៀតនោះ អាចប្រឈមនូវបញ្ហា ខ្វះទឹកសម្រាប់ការប្រើប្រាស់ពេលខាងមុខ ។
លោកអភិបាលរងស្រុកបន្ទាយអំពិល បានឲ្យដឹងទៀតថា៖ រដ្ឋបាលស្រុកនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានត្រៀមផែនការ រួចជាស្រេចក្នុងការដោះស្រាយ ក៏ដូចជាការរក្សាប្រភពទឹក ទុកទឹកឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ដោយយើងបានធ្វើការណែនាំឲ្យពួកគាត់កុំបន្តធ្វើស្រែប្រាំងលើសពីប្រភពទឹកសម្រាប់ការស្រោចស្រព ។ ត្រូវផ្អាកការបូមទឹកបឹង ក៏ដូចជាការបូមទឹកស្រះ ដើម្បីចាប់យកត្រីជាដើម ។ លោកក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើការស្ដារជម្រៅអាង និង ប្រឡាយ ឬជីកស្រះដែលមានជម្រៅរាក់ៗ បានជាច្រើនបន្ថែមទៀត ដើម្បីរក្សាទុកទឹកប្រើប្រាស់ ។
សូមបញ្ជាក់ថា៖ ស្រុកបន្ទាយអំពិល មានចម្ងាយពីទីរួមខេត្តឧត្តរមានជ័យ ៣០គីឡូម៉ែត្រ មានប្រជាពលរដ្ឋសរុបចំនួនប្រាំម៉ឺនប្រាំរយប៉ែតសិបបួននាក់។ ប្រជាពលរដ្ឋ ៩៥ភាគរយ ប្រកបរបរធ្វើស្រែចំការ និងដំណាំរួមផ្សំដែលចាំបាច់តម្រូវការបរិមាណទឹកប្រើប្រាស់ច្រើន ៕ ដោយ គៀន ច័ន្ទហ៊ីន

