សម្ដេច ស ខេង ណែនាំឱ្យមន្ត្រីជំនាញ ពិនិត្យតាមលទ្ធភាព ដើម្បីការសាងសង់ប៉ុស្តិ៍នគរបាលសម្រាប់បម្រើជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីជំនាញ ពិនិត្យតាមលទ្ធភាពជាក់ស្តែងដើម្បីសម្រួលក្នុងការសាងសង់ប៉ុស្តិ៍នគរបាលសម្រាប់បម្រើជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់គុណភាពការងារ និងមាននិរន្តរភាពការងារប៉ុស្តិ៍នគរបាល ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងការកោតសរសើរចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ។ ដោយសម្តេចក្រឡាហោម បានបញ្ជាក់ថា ការៀបចំក្រុមការងារនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាល នៅទូទាំងប្រទេស ។
ពាក់ព័ន្ធទៅនឹងការខ្វះកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅតាមតំបន់ដាច់ស្រយាលនោះដែរ សម្តេចក្រឡាហោម មានប្រសាសន៍លើកឡើងថា នឹងមានគោលការណ៍កែសម្រួលឡើងវិញ នូវតួនាទីភារកិច្ចនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យសមស្របតាមស្ថានភាព និងតម្រូវការសង្គមជាក់ស្តែង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ លើកឡើងថា ក្រុមការងារចុះស្រាវជ្រាវ បានចុះប្រតិបត្តិការសិក្សាស្រាវជ្រាវ ចាប់ផ្តើមដំណើរការអស់រយៈពេល ៦ខែ ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដោយបានជ្រើសរើសយកប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៣៨ប៉ុស្តិ៍ តាមភូមិសាស្ត្រ ២៥រាជធានី-ខេត្ត ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ដែលក្នុងនោះក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែង ព្រមទាំងជួបពិភាក្សាជាមួយមេឃុំ-ចៅសង្កាត់ សមាជិក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ ប្រធានក្រុម ប្រជាការពារ នាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បានសរុបចំនួន ៣.៧៧០នាក់ (ស្រី ៤៨៧នាក់) ៕ ដោយ-រ៉ាវុធ



