លោក ស៊ី ជីនពីង សាទរចំពោះការដើរតួនាទីរបស់ចិន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសាទរចំពោះតួនាទីរបស់ប្រទេសចិន ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់មានលក្ខណៈធម្មតាឡើងវិញ ហើយបានសម្តែងការខ្នះខ្នែង ក្នុងការពង្រីកការចូលរួមរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី២៨ ខែមីនានេះ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់ ម៉ូហាំម៉ាត់ ប៊ីន សាល់ម៉ាន់ នៃប្រទេសអារ៉ាប៊ីសាអូឌីត។ បើតាមក្រសួងការបរទេសចិន លោក ស៊ី បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិបានកោតសរសើរយ៉ាងទូលំទូលាយដល់ប្រទេសចិន ចំពោះការដើរតួនាទីជាអ្នកជួយសម្រុះសម្រួល ដើម្បីធ្វើឱ្យមានប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។
លោក ស៊ី បន្តថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តគាំទ្រដល់ដំណើរការនៃកិច្ចចរចារវាងប្រទេសទាំងពីរ (អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់)។
ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់ បានថ្លែងអំណរគុណចំពោះលោក ស៊ី សម្រាប់ការគាំទ្រដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការកែលម្អទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។
ជាមួយគ្នានេះ ព្រះអង្គម្ចាស់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងចិន និងអារ៉ាប៊ីសាអូឌីត។ លោក ស៊ី ក៏បានបញ្ជាក់ផងដែរថា ប្រទេសចិននឹងរួមចំណែកបន្ថែមទៀត ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅតំបន់មជ្ឈិមបូព៌ា៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា


