ឯកឧត្តម ចាយ បូរិន ដឹកនាំគណះប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា អញ្ជើញសួរសុខទុក្ខឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ុង សាមីដល់គេហដ្ឋាននៅរាជធានីភ្នំពេញ







ភ្នំពេញ៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរយើងនាពេលខាងមុខនេះ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ពេជ ចន្ទមុន្នី រួមដំណើរដោយឯកឧត្តម កែវ ពិសិដ្ឋ លោក ទួន យ៉ាត អនុប្រធានផ្នែកឃោសនាអប់រំ ព្រមទាំងសមាជិក សមាជិកា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ុង សាមី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយទីបំផុត និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាលក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបម្រើប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពថ្លៃថ្នូរ សុភាពរាបសា ជាពិសេសឯកឧត្តមមានការពេញចិត្តគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពយុវជនដែលយកចិត្តទុកដាក់ដល់រាមច្បងរបស់គណបក្សជំនាន់មុន។
ឯកឧត្តមក៏បានចែករំលែកបទពិសោធន៍ដល់ យុវជនគណបក្សជំនាន់ក្រោយ ត្រូវរួបរួមសាមគ្គីគ្នា ត្រូវស្មោះត្រង់នឹងគ្នាទៅវិញទៅមក ត្រូវតាំងចិត្តបំពេញការងារតាមការតាំងរបស់បក្សឱ្យបានល្អ ត្រូវមានឆន្ទៈមោះមុតក្នុងការចូលរួមក្នុងបេសកកម្មកសាងជាតិមាតុភូមិ ដើម្បីចូលរួមចំណែកបន្តថែរក្សាសមិទ្ធផលវិជ្ជមានដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងខិតខំបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដើម្បីសុខសន្តិភាព ភាពសម្បូរសប្បាយនិងសុភមង្គលរបស់ប្រទេសជាតិ។
ឯកឧត្តម ចាយ បូរិន ប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ុង សាមី ដែលបានចូលរួមបម្រើកងទ័ពដើម្បីបុព្វហេតុរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងការពារនិងអភិវឌ្ឍប្រទេសជាតិដោយជោគជ័យក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដោយបានចេញទៅប្រទេសវៀតណាមនៅឆ្នាំ១៩៧៨ ហើយបានចូលបម្រើកងទ័ពនៅកងវរសេនាតូចលេខ១៨ ជាប្រធានវរសេនាតូចលេខ១៨ប្រចាំព្រំដែនកម្ពុជា-ថៃ ប្រធានសេនាធិការ បញ្ជាការយោធាខេត្តបាត់ដំបង លេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តបាត់ដំបង ប្រធានយោធាភូមិភាគទី៥ អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ ១អាណត្តិ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ១អាណត្តិ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ជានាយឧត្តមសេនីយ៍ អនុរដ្ឋលេខាធិការ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃរហូតមកបច្ចុប្បន្ននេះ។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ លោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ុង សាមី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់រក្សាឯកឧត្តមបានចាកផុតពីជំងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕ ដោយ ហេង សម្បត្តិ