ប្រមុខការទូតជប៉ុនអាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា បើគ្មានអ្វីប្រែប្រួលទេនោះ គាត់អាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាចុងសប្តាហ៍នេះ ហើយជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង។
ការរៀបចំកំពុងដំណើរការ សម្រាប់លោក ហាយ៉ាស៊ី ក្នុងការធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិន ដែលនឹងផ្តើមចាប់ពីថ្ងៃសៅរ៍ទី១ ខែមេសាតទៅ។ ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងជំនួបរបស់គាត់ជាមួយលោក ឈីន លោក ហាយ៉ាស៊ី ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅសមុទ្រចិនខាងកើត រួមទាំងប្រជុំកោះ សិនកាគូ ក្នុងខេត្តអូគីណាវ៉ា និងការបង្កើនសកម្មភាពយោធាសម្របសម្រួលដោយចិន និងរុស្ស៊ីជុំវិញប្រទេសជប៉ុន ជាពិសេសបញ្ហាប្រជុំកោះដែលជប៉ុនគ្រប់គ្រង ហើយចិន និងតៃវ៉ាន់ក៏ទាមទារដែរ។

លោក ហាយ៉ាស៊ី ក៏ត្រូវបានគេរំពឹងដែរថា នឹងបង្ហាញពីចេតនារបស់ប្រទេសជប៉ុន ក្នុងការបន្តការសន្ទនាជាមួយប្រទេសចិន ដើម្បីកសាងទំនាក់ទំនងទ្វេភាគីប្រកបដោយការស្ថាបនា និងស្ថិរភាព ដែលផ្តល់ការទទួលខុសត្រូវដ៏ធំរបស់ប្រទេសទាំងពីរ សម្រាប់ភាពរុងរឿងនៅក្នុងតំបន់ និងពិភពលោក។

សូមរម្លឹកថា កាលពីខែវិច្ឆិកាឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបើកកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងនៅក្នុងប្រទេសថៃ។ មេដឹកនាំទាំងពីរបានឯកភាពជំរុញទំនាក់ទំនងជិតស្និទ្ធនៅគ្រប់កម្រិត រួមទាំងកិច្ចប្រជុំកំពូល ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងជប៉ុន និងចិន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា