កម្ពុជា បន្តឈរលេខ១ ដោយដណ្តើមេដាយសរុប ១៨គ្រឿង ពីការប្រកួតវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ កម្ពុជា បន្តរក្សាដំណែងចំណាត់ថ្នាក់លេខ១ដដែល សម្រាប់ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នៅថ្ងៃទី២ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះ កម្ពុជា ដែលបន្តរក្សាដំណែងលេខ១ បណ្តោះអាសន្ន នៅថ្ងៃទី២នេះ គឺឈ្នះមេដាយបន្ថែម ក្នុងនោះមេដាយមាស៣គ្រឿង ប្រាក់៤ និងសំរឹទ្ធ២។ សរុបទាំងពីរថ្ងៃ ថ្ងៃទី២៧-២៨ ខែមីនានេះ គឺមេដាយសរុបបណ្តោះអាសន្ន ចំនួន១៨គ្រឿង ក្នុងនោះមេដាយមាស ៨ ប្រាក់ ៦ និងសំរឹទ្ធ៤។ ចំណែកឯម្ចាស់ក្បាច់គុន វៀតណាម ឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយមេដាយមាស ៥ ប្រាក់៦ ខណៈលេខ៣ ថៃ មេដាយមាស ២ ប្រាក់៤ និងសំរឹទ្ធ៣។ មីយ៉ាន់ម៉ា ឈរលេខ៤ ដោយដណ្តើមបានមេដាយមាស ២ ប្រាក់២ និងសំរឹទ្ធ១៣គ្រឿង ខណៈឥណ្ឌូណេស៊ី មេដាយមាស២ និងសំរឹទ្ធ៨ ស្របពេលហ្វីលីពីន និងឡាវ មិនទាន់ដណ្តើមមេដាយមាសនៅឡើយ ដោយបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ។ គិតត្រឹមរយៈពេល២ថ្ងៃកន្លងទៅនេះ ការប្រកួតបានបញ្ចប់លើ១៩វិញ្ញាសា ខណៈនៅថ្ងៃទី២៩ ខែមីនានេះ គឺជាថ្ងៃចុងក្រោយនៃការប្រកួត ដោយនៅសល់១០វិញ្ញាសាបន្ថែម។

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចធ្វើម្ចាស់ផ្ទះនេះ នាពេលនេះ គឺដើម្បីត្រៀមខ្លួនឱ្យកាន់តែគ្រប់ជ្រុងជ្រោយ សម្រួចគោលដៅឆ្ពៅទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។ ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍នេះមានប្រទេសចូលរួមប្រកួតប្រជែងមេដាយសរុប ៧ប្រទេស ដោយមានប្រតិភូកីឡាសរុបចំនួន ២០២នាក់ ក្នុងនោះកីឡាករ កីឡាការិនី ១៣៧នាក់ ប្រតិភូដឹកនាំ ២៤នាក់ អាជ្ញាកណ្តាល-ចៅក្រម ១៧នាក់ និងគ្រូបង្វឹក ២៤នាក់ ។

ឯកឧត្ដមប្រធានសហព័ន្ធបន្ថែមថា សម្រាប់ការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់នេះ គឺសហព័ន្ធ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីត្រៀមទទួលប្រតិភូកីឡាករ កីឡាការិនីប្រកបដោយភាពកក់ក្តៅ រួមទាំងការសម្រួចគោលដៅប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ បន្ថែមពីលើនេះ ឯកឧត្ដមបានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ ផ្តោតសំខាន់លើការខិតខំចូលរួមបំពេញភារកិច្ចឱ្យបានម៉ឺងម៉ាត់បំផុតនូវការកាត់សេចក្តីដល់ការប្រកួតឱ្យបានត្រឹមត្រូវ យុត្តិធម៌ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាប្រកបដោយកិត្តិយជាតិ សេចក្តីថ្លៃថ្នូ និងជោគជ័យផងដែរ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner