តេជោ សែន ជជែកបញ្ហាព្រំដែននិងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម
ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានជជែកជុំវិញបញ្ហាព្រំដែនកម្ពុជាវៀតណាម និងកិច្ចសហប្រតិបត្តិការផ្នែក ពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងឳកាសទទួលជួបសំណេះសំណាលជាមួយ មន្ត្រីជាន់ខ្ពស់មជ្ឈិមបក្សកម្មុយនីស្តវៀតណាមនៅថ្ងៃទី១៩សីហានេះ នាវិមានសន្តិភាព។ លោក ង្វៀន វ៉ាន់ណេន ដែលជាលេខាធិការមជ្ឈឹមបក្សនិងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាម ក្នុងឳកាសជួបជាមួយ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម និង បានលើកឡើងអំពីសភាពការណ៍រួមនានាដែលទាក់ទងនឹងផលប្រយោជន៍រវាងប្រទេសទាំង២។ មន្ត្រីជាន់ខ្ពស់ បក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់នូវជំហរបន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍ ហើយជាពិសេស ការអភិវឌ្ឍព្រំប្រទល់នៃប្រទេសទាំងពីរ។
សម្តេចតេជោក្នុងប្រសាសន៍ឆ្លើយតប បានថ្លែងថាទំនាក់ទំនងនៃប្រទេសទាំងពីរ មិនត្រឹមតែវិស័យការទូត ប៉ុណ្ណោះទេ ប៉ុន្តែគឺមានគ្រប់វិស័យទាំងអស់។ សម្ដេចក៏បានមានប្រសាសន៍អំពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រ ទេសកម្ពុជា ដែលស្ថិតនៅក្នុងភាពរឹងមាំ គឺក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧%ហើយសម្តេច តេជោក៏បានមានប្រសាសន៍ពីការធ្វើកំណែទម្រង់រយៈពេលនេះ និងរយៈពេលទៅមុខ ហើយកម្ពុជានឹងខិត ខំ ធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសលើទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរនេះ ដែលមានប្រមាណជាង៥ ពាន់លានដុល្លារ និងខិតខំធ្វើយ៉ាងណាធ្វើការរួមគ្នាបន្ត ទៀត ជាពិសេសការខិតខំដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំង២ផងដែរ។ កម្ពុជា និងវៀតណាម គឺជាប្រទេស ដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ១ពាន់ ២៧០គីឡូម៉ែត្រ និងកម្ពុជា មានខេត្ត ១០ជាប់នឹងប្រទេសវៀតណាម។