សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការជាមួយលេខាធិការមជ្ឈិមបក្ស កុម្មុយនិស្តនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

អត្ថបទដោយ៖
Kien Sereyvuth

នារសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ង្វៀន វ៉ាន់ ណេន  (NGUYEN VAN NEN) លេខាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានខុទ្ទការល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសដែលឯកឧត្តមដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនាសប្បាយ និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា មានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាឱកាសនេះ គឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដែលមានតាំងពីយូលង់ណាស់មកហើយ។
    នាឱកាសនោះ ឯកឧត្តម ង្វៀន វ៉ាន់ណេន បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបាន ចំណាយពេលដ៏មានតម្លៃអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខពីលោកជំទាវប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំនៃប្រទេសវៀតណាម ជូនចំពោះ សម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា។
ឯកឧត្តម ង្វៀន វ៉ាន់ណេន បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងរបស់ព្រឹទ្ធសភា រដ្ឋសភាកម្ពុជាផងដែរ។
ឯកឧត្តម ង្វៀន វ៉ាន់ណេន បានសម្ដែងនូវសេចក្តីរីករាយដោយមើលឃើញប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ប្រកបដោយចីរភាព និងស្ថិរភាព។ ឯកឧត្តមក៏បានសម្ដែងនូវសេចក្តីរីករាយ ផងដែរ ចំពោះរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ទាំងក្នុង ក្របខណ្ឌទ្វេរភាគី ពហុភាគី និងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនានា ដូចជា APU AIPA ។ល។
ឯកឧត្តម ង្វៀន វ៉ាន់ណេន បានសម្តែងនូវការកោតសរសេរ និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធ ចំពោះការងារបោះបង្គោលព្រំដែន បង្គោលខណ្ឌសីមារវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានថ្លែង អំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលបានជួយជំរុញដល់ស្ថាប័នពាក់ព័ន្ធ ឈានដល់ការចុះ ហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា ដែលនឹងប្រព្រឹត្តទៅក្រោម អធិបតីភាព នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នាខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។
ឯកឧត្តម ង្វៀន វ៉ាន់ណេន បានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានជួយប្រជាជនវៀតណាម ក្នុងពេលដែលប្រទេសវៀតណាមជួបការលំបាក។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែ រឹងមាំថែមទៀត។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម ង្វៀន វ៉ាន់ ណេន  ដែលបានថ្លែងសរសើរអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែង នូវសេចក្តីរីករាយដែលបានមើលឃើញនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះ បានស្តែងឡើងតាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថា្នក់ដឹកនាំតាមក្រសួង ស្ថាប័ន អង្គការមហាជន ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការគាំទ្រគ្នាក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ វេទិកាអន្តរជាតិនានា។
ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាល។ ប្រទេសកម្ពុជាសូមប្តេជ្ញារក្សាគោលជំហឥតងាករេនូវការពង្រឹង និងពង្រឹកនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជជន និងប្រទេសទាំងពីរ ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងយូរអង្វែង។
សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាសូមគាំទ្រទាំងស្រុងនូវរាល់កិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងចាត់ទុកលទ្ធផលដ៏ធំធេងទាំងនេះ គឺជាមូលដ្ឋានគ្រឹះដែលធានាដល់ការថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាទាំងក្នុងពេបច្ចុប្បន្ន និងទៅអនាគត។  ក្នុងនោះ ព្រឹទ្ធសភាសូមគាំទ្រទាំងស្រុងនូវការពិភាក្សា និងបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមារវាងប្រទេសទាំងពីរ និងបន្តលើកទឹកចិត្តឱ្យ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីកសាង តំបន់ព្រំដែននៃប្រទេសទាំងពីរនេះ ឱ្យក្លាយទៅជាព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដើម្បីទុកជាមរតកសម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយ។
 សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាង ល្អជាមួយនឹងរដ្ឋសភាវៀតណាម ទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដូចជា AIPA, APF, IPU និង CLV ជាដើម។
ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋសភាវៀតណាម ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភជាសម្ភារៈដល់ព្រឹទ្ធសភាកម្ពុជា ឆ្លើយតាមទៅតាមសំណូមពររបស់ព្រឹទ្ធសភាកម្ពុជា។ តាមរយៈជំនួយឧបត្ថម្ភទាំងនោះ ពិតជាបានរួមចំណែកដល់ការជួយលើកម្ពស់សមត្ថភាពស្ថាប័ន និងលើកម្ពស់ សមត្ថភាពមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ព្រឹទ្ធសភាបាននឹងកំពុងប្រើប្រាស់នូវជំនួយឧបត្ថម្ភទាំងអស់ នោះ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
តាមរយៈគណៈប្រតិភូ សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះលោកជំទាវប្រធានរដ្ឋសភា វៀតណាម ដោយសេចក្តីគោរព នឹករលឹក  និងរាប់អានដ៏ខ្ពង់ខ្ពស់។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបាន ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុនីស្តវៀតណាម ដែលមានឯកឧត្តម ង្វៀន ភូត្រុង ជាអគ្គលេខាធិការ និងសូមប្រសិទ្ធពរជូនបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម សម្រេចបានជ័យជម្នះ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ដើម្បីកសាងប្រទេសវៀតណាម ទៅជាប្រទេសឧស្សាហកម្មជឿនលឿន ស្របតាមទិសដៅដែលមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម បានកំណត់។
សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធិពរជូនគណៈប្រតិភូ សូមឱ្យមានសុខភាពល្អបរិបូរណ៍ បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner