ក្រសួងធនធានទឹកចុះសិក្សាគម្រោងព្រែកឆ្លូង ដែលគ្រោងនឹងសង់សំណង់ស្ទាក់ទឹកសម្រាប់ ខេត្តចំនួន៣
ក្រចេះ៖ ក្រសួងធនធានទឹកដឹកនាំដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំក្រុមការងារក្រសួងជំនាញការ ADB-MFF រួមនឹងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគីរី ចុះសិក្សាគម្រោងព្រែកឆ្លូង ដើម្បីនឹងសង់ជាសំណង់ស្ទាក់ទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទឹកក្នុងការបង្កបង្កើនផលដំណាំកសិកម្មផ្សេងៗ។
លោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹកខេត្តក្រចេះ បានបញ្ជាក់ថា ការចុះពិនិត្យសិក្សាគម្រោងព្រែកឆ្លូងនេះ ក្រោមជំនួយឧត្ថមរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា (ADB) គម្រោងនេះធ្វើឡើងក្នុងគោលបំណងដើម្បីសង់ជាសំណង់ស្ទាក់ទឹក សម្រាប់ប្រជាពលរដ្ឋទាំងបីខេត្ត ប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលដំណាំកសិកម្មដំណាំរួមផ្សំផ្សេងៗទៀត។
លោកបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពទឹកទន្លេមេគង្គក្រចេះ មានកម្ពស់ត្រឹមតែជាង១២ម៉ែត្រនៅឡើយ ប្រសិនណាបើទឹកទន្លេមេគង្គមិនឡើងហូរចូលអូរ ព្រែក ទេ នោះយើងអាចនឹងការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំងឆ្នាំនេះហើយ។ លោកថា កន្លងទៅថ្មីៗនេះ មន្ទីរធនធានទឹកបានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋបិទ និងរក្សាទុកទឹកតាមទំនប់អាងស្តុកទឹកផ្សេងៗ សម្រាប់ទុកបង្កបង្កើនផលដំណាំកសិកម្មនៅរដូវប្រាំងខាងមុខនេះ ទោះបីវាមិនបានច្រើនក៏បានប្រមាណជាកន្លះអាងដែរវាអាស្រ័យទៅលើទឹកភ្លៀង។
លោកប្រធានមន្ទីរបន្តថា ដំណោះស្រាយទាក់ទិននឹងការកង្វះទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផលដំណាំកសិកម្មផ្សេងៗរបស់ប្រជាពរដ្ឋនារដូវប្រាំងនេះ លោកនឹងស្នើសុំទៅឯកឧត្តមអភិបាលខេត្ត ដើម្បីជួបប្រជុំជាមួយនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើឲ្យប្រជាពលរដ្ឋបង្វែរពេលការបង្កបង្កើនផលស្រូវបណ្ដេញទឹក ទៅដាំដំណាំពោត សណ្ដែក ល្ងរ ជាដើម ពីព្រោះដំណាំរួមផ្សំទាំងនេះវាអាចទទួលបានផលដោយសារប្រើប្រាស់ទឹកតិច។ ប្រសិនបើជា ប្រជាពលរដ្ឋនៅតែបង្កបង្កើនផងដោយធ្វើស្រូវប្រដេញទឹក អាចប្រឈមនឹងការខ្វះទឹក និងការប្រើប្រាស់ ដែលអាចធ្វើឱ្យដំណាំស្រូវទាំងនោះ មិនបានទទួលផលដូចសព្វដងនោះទេ៕ធ.ដ
ដោយៈ ម៉េង គាង