បញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីលួចឆក់ ទៅតុលាការ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងរបស់លោកបានបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធនឹងបទល្មើសលួចម៉ូតូ និងឆក់ទូរសព្ទដៃ ក្រោយកម្លាំងជំនាញការិយាល័យស្រាវជ្រាវឃាត់បានជាបន្តបន្ទាប់។
ជនសង្ស័យទាំង៣នាក់ខាងលើ មានពីរនាក់ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃមិនបានសម្រេច) ប្រព្រឹត្តនៅមុខវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុន្នីវង្ស ក្រុម១ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺឈ្មោះ លក្ខ័ ជាហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទី២-ឈ្មោះ លី ហួ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដា១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HN ២០៩០។
ចំណែកជនសង្ស័យទី៣ ពាក់ព័ន្ធករណីឆក់ មានឈ្មោះ ង្វៀង យូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ និងទីលំនៅ មិនពិតប្រាកដ ត្រូវបានឃាត់ខ្លួននៅរបងចំហៀងខាងលិចវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកម៉ូតូមួយគ្រឿង និង ក្រាមពណ៌ ស ថ្លា ១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន)។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យកសាងសំណំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ធ.ដ