រដ្ឋមន្រ្តី៖វិស័យទេសចរណ៍ ជាចលករជំរុញពាណិជ្ជកម្មសេវា ,ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការពង្រឹងទំនាក់ទំនងរវាងប្រជាជន
ភ្នំពេញ៖ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនឱកាសការងារ ផ្តល់ប្រាក់ចំណូល និងសម្រួលលំហូរទំនិញគ្រឿងឧបភោគ-បរិភោគសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ។រីឯវិស័យទេសចរណ៍ ជាចលករជំរុញពាណិជ្ជកម្មសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន។
នេះជាការលើកឡើងនៅអំឡុងពេលថ្លែងសុន្ទរកថាបើកក្នុងកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា (OECD) កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា វិស័យពាណិជ្ជកម្ម និងទេសចរណ៍ មានតួនាទីយ៉ាងសំខាន់របស់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ លោកបានគូសបញ្ជាក់ថា កម្ពុជា ក៏បានចាត់ទុកវិស័យទេសចរណ៍ជាប្រភពសម្រាប់ កំណើន
និងជាសសរស្តម្ភ ដ៏សំខាន់ ដែលគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យ នៃការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ ដោយបានអនុលោមយ៉ាងខ្ជាប់ខ្ជួនទៅនឹងគោលការណ៍ណែនាំ និងផែនការសកម្មភាព ដែលបានរំលេចក្នុងផែនទីចង្អុលផ្លូវនៃការស្តារវិស័យទេសចរណ៍ ២០២០-២០២៥ និងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី តំបន់
អនុតំបន់ និងទ្វេភាគី ជាមួយនឹងការកែលម្អស្ថាប័ន ច្បាប់ និងបទប្បញ្ញត្តិឱ្យកាន់តែប្រសើរ ព្រមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីទទួលរងបច្ច័យអវិជ្ជមានពីជំងឺកូវីដ១៩ តាមរយៈភាពរីកចម្រើនក្នុងវិស័យសក្តានុពលនានា រួមមាន សំណង់ ឧស្សាហកម្មកាត់ដេរនិងស្បែកជើង និងសេវាកម្មទេសចរណ៍ជាដើម។ផ្អែកតាមព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចរបស់OECDខាងលើ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនប្រមាណ ៤.៥ភាគរយខណៈពេលដែលត្រូវបានព្យាករណ៍ជាវិជ្ជមាននូវកំណើន ៦.៣ភាគរយនៅឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍សង្ខេបដែលបានផ្សព្វផ្សាយដោយ OECD ចំណុចសំខាន់ៗ ដែលបានរំលេចឡើងមានដូចជា
នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងទ្វីបអាស៊ីដែលកំពុងរីកចម្រើន បានបង្ហាញនូវភាពធន់ក្នុងការប្រឈមមុខទៅនឹងភាពមិនប្រាកដប្រជារបស់សកលលោកជាមួយនឹងកំណើនដែលនឹងបន្តកើនឡើងក្នុងឆ្នាំ២០២៣។
ក្នុងរបាយការណ៍បន្តថា បញ្ហាប្រឈមចំពោះកំណើនសេដ្ឋកិច្ចរួមមាន សម្ពាធអតិផរណាជាបន្តបន្ទាប់ និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ប៉ុន្តែបញ្ហាទាំងនេះ អាចនឹងដោះស្រាយបានមួយចំណែក តាមរយៈការបើកប្រទេសឡើងវិញរបស់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗនិងសំខាន់ៗនៅក្នុងតំបន់។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ដែរថា៖« ថ្វីត្បិតតែមានសញ្ញាណនៃភាពធន់
ប៉ុន្តែទេសចរណ៍ប្រកបដោយនិរន្តភាព ត្រូវតែពង្រឹងឱ្យមានភាពប្រសើរបន្ថែមទៀត។ វិស័យទេសចរណ៍ ត្រូវតែសម្របទៅនឹងបរិការណ៍ថ្មី ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីឌីជីថលភាវូបនីយកម្ម និងត្រឡប់ក្លាយទៅជាចលករជំរុញកំណើនសេដ្ឋកិច្ច»៕
ដោយ៖វណ្ណ សុជាតា