បេក្ខជន១,៦១៩នាក់ អវត្តមាន និង១៩នាក់មានបញ្ហាសុខភាព នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ដំណើរការសំណេរព្រឹកថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគ ទូទាំង ប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការ អប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យ អគារ គណៈកម្មការអនុរក្ស និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ដោយឡែកបេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុង ការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ ឬ ឧបករណ៍ អេឡិត្រូនិក ចូល ក្នុងមណ្ឌលប្រឡង។ ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា) ។
បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៧,០៤៣នាក់ (ស្រី៦០៤២៧នាក់) មាន២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន ៤៤,៦៨៣នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ៧២,៣៤១នាក់ មាន១២៧មណ្ឌល។ ចំនួនបេក្ខជនអវត្តមានពេលព្រឹកចំនួន១,៦១៩នាក់ (ស្រី៦២១នាក់) ជាភាគរយ១,៣៨%។ បេក្ខជនមានបញ្ហាសុខភាពចំនួន១៩ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម៕ធ.ដ
មណ្ឌល សំណេរគ្រប់រាជធានី – ខេត្ត#BacII#BacII2019