លោកជំទាវ ម៉ែន សំអន អញ្ជើញសួរសុខទុក្ខកុមារកំព្រាក្នុងមណ្ឌលខេត្តស្វាយរៀង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីតំណាងរបស់ធនាគារ MGN Emperor Bank Plc. ផងដែរ។ ពិធីនេះត្រូវបានរៀបចំ នៅព្រឹកថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។
នាឱកាសនោះ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននឹងកំពុងស្នាក់នៅគ្រប់មណ្ឌលកុមារកំព្រាទូទាំងប្រទេស។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជា រស់នៅ ស្អាត ហូបស្អាត ត្រូវជៀសឲ្យផុតពី គ្រឿងញៀន និងត្រូវប្រឹងប្រែង និងខិតខំរៀនសូត្រ។ រីឯចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវ បន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និងធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឲ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។
ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភដល់កុមារកំព្រាចំនួន៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺនរៀល មី១កេស ទឹកក្រូច៦កំប៉ុង នំ៤កញ្ចប់ ទឹកសុទ្ធ៤ដប លោកគ្រូ អ្នកគ្រូ ចំនួន៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល មី១កេស នំ៦ដុំ។ ដោយឡែក សម្រាប់មជ្ឈមណ្ឌផ្ទាល់ក៏ទទួលបាន អង្ករ២០បាវ ទឹកត្រី៦០ដប ទឹកស៊ីអ៊ីវ ៦០ដប ត្រីខ២កេស ទឹកដោះគោ២កេស ស្ករស៥០គីឡូក្រាម និងថវិកាចំនួន២ពាន់ដុល្លារ ដែលជាថវិការសប្បុរសជន នៃធនាគារ MGN Emperor Bank Plc ទុកសម្រាប់ផ្គត់ផ្គង់ អារហារ ប្រចាំថ្ងៃជូនដល់កុមការកំព្រាផងដែរ៕ធ.ដ