មនុស្សរាប់ម៉ឺននាក់បន្តបាតុកម្មប្រឆាំងកំណែទម្រង់តុលាការ នៅអ៊ីស្រាអែល
តែល អាវីវ ៖ ហ្វូងមនុស្សដ៏ច្រើនកុះករបានបន្តធ្វើការតវ៉ានៅក្រុង តែល អាវីវ (Tel Aviv) ប្រទេសអ៊ីស្រាអែល ប្រឆាំងនឹងការកែទម្រង់តុលា។
បាតុកររាប់សែននាក់បានដើរដង្ហែរក្បួននៅទីក្រុង តែល អាវីវ កាលពីល្ងាចថ្ងៃសៅរ៍ សប្តាហ៍នេះ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu ) លុបចោលការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលបានគ្រោងទុក។ ក្រុមសកម្មជនអ៊ីស្រាអែលបានធ្វើការតវ៉ានឹងកំណែទម្រង់ប្រព័ន្ធតុលាការ ដែលបានជាប់គាំងនេះ សម្រាប់សប្តាហ៍ទី៣ហើយ។
នាយករដ្ឋមន្ត្រីដែលមានជម្លោះបានផ្អាកកំណែទម្រង់រួច ហើយបានប្តេជ្ញាថា នឹងចរចាជាមួយគណបក្សប្រឆាំង ប៉ុន្តែក្រុមអ្នកតវ៉ាចាត់ទុកចំណាត់ការរបស់លោកជាការបោកប្រាស់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា មនុស្សចន្លោះពី ១៤ម៉ឺន ទៅ ជាង១៧ម៉ឺន នាក់បានចូលរួមក្នុងការប្រមូលផ្តុំនេះ ខណៈដែលអ្នករៀបចំការតវ៉ាបានដាក់តួលេខថា មានដល់ទៅ ២៥ម៉ឺននាក់ នៅរដ្ឋធានីតែល អាវីវ និងមានសរុប ដល់ទៅ៤៥ម៉ឺននាក់ នៅទូទាំងប្រទេសអ៊ីស្រាអែល ជាអ្វីដែលគេហៅថា “ចលនាឆ័ត្រនៃការតស៊ូប្រឆាំងនឹងរបបផ្តាច់ការក្នុងប្រទេសអ៊ីស្រាអែល” ហើយខ្លួនបានចេញសេចក្តីថ្លែងការណ៍មួយថា ការតវ៉ានេះគឺជា “បាតុកម្មដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល” ។
កាសែត ឌឹ ថែមស៍ អហ្វ អ៊ីស្រាអែល (The Times of Israel) បានរាយការណ៍ថា ក្រុមបាតុករបានបិទផ្លូវជាតិ អាយ៉ាឡន់ (Ayalon Highway ) ដែលជាធម្មតាមានមមាញឹកពីរដង នៅពេលល្ងាច ប៉ុន្តែ ប៉ូលិសបានប្រើកាណុងបាញ់ទឹកសម្អាតផ្លូវ។
អ៊ីស្រាអែលត្រូវបានអង្រួនដោយការតវ៉ាជាបន្តបន្ទាប់ ចាប់តាំងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសពីការស្នើកំណែទម្រង់របស់លោក កាលពីខែមករា ឆ្នាំ២០២៣។ ការផ្លាស់ប្តូរផ្លូវច្បាប់ទាំងនេះនឹងអនុញ្ញាតឱ្យសភារបស់អ៊ីស្រាអែលបដិសេធសេចក្តីសម្រេចរបស់តុលាការកំពូល ជាមួយនឹងសំឡេងភាគច្រើនសាមញ្ញ នឹងផ្តល់អំណាចបន្ថែមដល់រដ្ឋាភិបាលក្នុងការតែងតាំងចៅក្រម ហើយនឹងកំណត់សមត្ថភាពរបស់តុលាការក្នុងការត្រួតពិនិត្យច្បាប់ ដែលខ្លួនចាត់ទុកថា “មិនសមហេតុផល” ៕ ប្រភពពី RT ប្រែសម្រួលដោយ៖ សារ៉ាត