យូសេដ និងដៃគូ ប្រកាសយុទ្ធនាការ «ផ្លាស់ប្តូរឥរិយាបថសហគមន៍» ដើម្បីជំរុញការអភិវឌ្ឍកុមារតូច

អត្ថបទដោយ៖
CPA

សៀមរាប៖ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ឬ យូសេដ(USAID) និងដៃគូគម្រោងអភិវឌ្ឍន៍កុមារតូច បានប្រកាសជាផ្លូវការយុទ្ធនាការ «ផ្លាស់ប្តូរឥរិយាបថសហគមន៍» ដើម្បីជំរុញការអភិវឌ្ឍកុមារតូច និងស្វែងរកការគាំទ្រសម្រាប់ការអភិវឌ្ឍកុមារតូចតាមបែបសមាហរណកម្ម និងបរិយាបន្ន។ យុទ្ធនាការនេះ ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី​១ ខែមេសា ឆ្នាំ ២០២៣ ដែលមានភាគីពាក់ព័ន្ធសំខាន់ៗ​ប្រមាណ៣០ស្ថាប័ននិងក្រុមគ្រួសារចំនួន១៧០គ្រួសារ

បានចូលរួមជួបជុំគ្នានៅផ្សារទំនើបHeritageWalk ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង​ម្តងទៀត​នៅ​ថ្ងៃទី ៨ ខែមេសានៅវិទ្យាល័យកំពង់ក្តី ក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មានរួមស្តីពីយុទ្ធនាការនេះ ចេញផ្សាយនៅថ្ងៃទី​១ខែមេសា បានឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ «ប្តីខ្ញុំល្អ កូនខ្ញុំឆ្លាត» ក្នុងគោលបំណងកាត់បន្ថយនូវផ្នត់គំនិតអវិជ្ជមាននានា តាមរយៈស្វែងរកការគាំទ្រនិងយល់ឃើញថាបុរសអាចផ្តល់ការថែទាំល្អដល់កុមារដូចជាស្ត្រីដែរ ហើយ​អ្នក​ថែទាំកុមារ​អាច​ប្តូរ​វេន​គ្នា​មើល​ថែទាំ​កុមារ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ​សម្រាក។យុទ្ធនាការ​​នេះ ក៏បានរំលេចពីសារអប់រំសំខាន់ៗក្នុងការថែទាំ ប្រកបដោយការឆ្លើយតបបែបវិជ្ជមាន

និងឱកាសរៀនសូត្រតាំងពីដំបូងដែលជួយឱ្យកុមារបានរៀន លូតលាស់ អភិវឌ្ឍន៍ និងរីកចម្រើនប្រកបដោយសក្តានុពល។

លោក ចន វីលៀម អាមេស នាយកប្រចាំប្រទេសនិងនាយកគម្រោងអភិវឌ្ឍន៍កុមារតូច នៃវិទ្យាស្ថានស្រាវជ្រាវត្រីកោណ អន្តរជាតិ(RTI International) បានលើកឡើងនៅក្នុងសេចក្តីប្រកាសថា ​ «យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការ រួមចំណែកនិងការចូលរួមដោយស្មើភាពគ្នាពីបុរសនិងស្ត្រីក្នុងការចិញ្ចឹមបីបាច់កូនតូចដើម្បីជួយឱ្យកុមារសម្រេចបាននូវសក្តានុពលទៅតាមដំណាក់កាលអភិវឌ្ឍសំខាន់ៗ លើបញ្ញាការគិត ភាសា សង្គម-អារម្មណ៍ និងការលូតលាស់ផ្នែករាងកាយ»។

ជាមួយគ្នានេះដែរ លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងជាសមាជិក គ.ក.ស.ក ខេត្តសៀមរាប មានប្រសាសន៍ថា យុទ្ធនាការនេះគឺជាគន្លឹះក្នុងការកាត់បន្ថយការប្រកាន់តួនាទីផ្សេងគ្នារវាងបុរសនិងស្រ្តី ក្នុងការថែទាំកុមារ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍកុមារអាហារូបត្ថម្ភ និងការអភិវឌ្ឍកុមារតូច ដែលនៅតែជាក្ដីកង្វល់របស់សង្គម។ យុទ្ធនាការខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលអភិវឌ្ឍសម្រាប់កុមារតូចឱ្យពេញលេញ តាមរយៈការលើកកម្ពស់ការចិញ្ចឹមបីបាច់កុមារតូច ដោះស្រាយបញ្ហាយេនឌ័រ ការកាត់បន្ថយភាពក្រិះក្រិនរបស់កុមារ

និងអន្តរាគមន៍ទាន់ពេលវេលា សម្រាប់កុមារមានការអភិវឌ្ឍយឺតនិងមានពិការភាព ដោយចាប់ពីនៅក្នុងផ្ទៃម្ដាយរហូតដល់អាយុក្រោម៥ ឆ្នាំ។

គម្រោងអភិវឌ្ឍន៍កុមារតូច ​​​គឺជាកម្មវិធីដែលមានលក្ខណៈអន្តរវិស័យដោយទទួលបាននូវមូលនិធិគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការអភិវឌ្ឍអន្តរជាតិ  ដែលដឹកនាំអនុវត្តដោយ វិទ្យាស្ថានស្រាវជ្រាវត្រីកោណ សហការជាមួយអង្គការហេឡែន ខេលល័រ អន្តរជាតិ (Helen Keller Intl ) និងអង្គការសេហ្វហេវិន ក្នុងគោលបំណងជួយដល់កុមារតូចកម្ពុជាឱ្យមានការលូតលាស់ផ្នែករាងកាយ បញ្ញាការគិត ភាសា និងសង្គម-អារម្មណ៍ បានល្អប្រសើរ៕

ដោយ៖សុខ រក្សា

ads banner