អភិបាលខេត្តកំពង់ស្ពឺ នឹងផ្តល់រង្វាន់ម៉ូតូដល់បេក្ខជនប្រឡងបាននិទ្ទេស A ឆ្នាំនេះ
កំពង់ស្ពឺ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ នៅខេត្តកំពង់ស្ពឺ នៅម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានចាប់ដំណើរការជាផ្លូវការហើយ ដែលការប្រឡងនេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដែលមាន១០មណ្ឌល និងមានសិស្សប្រឡងប្រម៉ាណជាង៤០០០នាក់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ី សំណាង នឹងអញ្ជើញជាកិត្តិយសក្នុងពិធីកាត់កញ្ចប់វិញ្ញាសាទាំងថ្ងៃទី១ និងថ្ងៃទី២ ផ្ទាល់ ព្រមទាំងអញ្ជើញត្រួតពិនិត្យតាមមណ្ឌលប្រឡងនានា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងពេលប្រឡង។ នាឱកាសនោះ អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ដល់បេក្ខជនប្រឡងថា លោកត្រៀមជូនរង្វាន់ម៉ូតូ ZOOMER X 2019 សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទោះបីជាប៉ុន្មានគ្រឿងក៏ដោយ។
ក្នុងនាមរដ្ឋបាលខេត្តលោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង ហើយក៏សុំជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា ២០១៨-២០១៩នេះ ៕ធ.ដ
ដោយ៖ម៉ុន សំអាត