ឧកញ៉ា អ៊ឹង ស៊ីតាវិរៈ លើកទឹកចិត្តដល់បេក្ខជនបេក្ខនារី ប្រឡងជាប់និទ្ទេសA នាសម័យ ប្រឡងឆ្នាំ២០១៩ នូវម៉ូតូថ្មីមួយគ្រឿង ទោះបីជាជាប់ប៉ុន្មាននាក់ក៏ដោយ
ខេត្តមណ្ឌលគីរី៖ បេក្ខជន បេក្ខនារី ដែលត្រៀមប្រឡងមធ្យមទុតិយភូមិចំនួន២៤១នាក់ បានជួបជុំគ្នាហូបអាហារសាមគ្គីយ៉ាងសប្បាយរីករាយ នៅភោជនីយដ្ឋានពេជ្រដាកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានលោកឧកញ៉ា អ៊ឹង ស៊ីតាវិរៈ ជំនួយការផ្ទាល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី។
ឯកឧត្តមស្វាយ សំអ៊ាង មានប្រសាសន៍ថា ចំនួនសិស្សដែលត្រូវចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ គឺមានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះតម្រូវការកន្លែងស្នាក់នៅ គឺពិតជាចាំបាច់ខ្លាំងណាស់ សម្រាប់បេក្ខជន បេក្ខនារី ជាពិសេសសិស្សា នុសិស្សក្រីក្រ ដែលមកពីឆ្ងាយ។ ដោយឡែកសម្រាប់សប្បុរជនដែលបានចូលរួមជួយឧបត្ថម្ភបន្ទប់ស្នាក់នៅដល់បេក្ខជនក្រីក្រខ្វះខាតកន្លែងស្នាក់នៅ គឺជាការលើកទឹកចិត្តដ៏ធំធេងចំពោះពួកគេគាត់។ ឯកឧត្តមអភិបាលខេត្ត បានកោតសសើរដល់បណ្តាលសប្បុរជនទាំងអស់ ដែលបានជួយរំលែកការលំបាកដល់សិស្សក្រីក្រ និងលើកទឹកចិត្តឲ្យមានសកម្មភាពបែបនេះជាបន្តទៀតនៅឆ្នាំក្រោយៗ។
ស្ថិតនៅក្នុងពិធីហូបអាហារសាមគ្គីជុំគ្នារវាងថ្នាក់ដឹកនាំខេត្តមណ្ឌលគីរី លោកឧកញ៉ា អ៊ឹងស៊ីតាតវីរៈ ក៏បានឧបត្ថម្ភដល់បេក្ខជនប្រឡងចំនួន២៤១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨០,០០០រៀល ហើយបើមានបេក្ខជនណាអាចប្រឡងយកនិទ្ទេសA នាសម័យប្រឡងឆ្នាំនេះ លោកឧកញ៉ា នឹងលើកទឹកចិត្តឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿងបន្ថែមទៀត ទោះបីជាជាប់ប៉ុន្មាននាក់ក៏ដោយ៕ធ.ដ
ដោយ៖ ពលៈ