ឃោសនាបោះឆ្នោតរយៈពេលពីរថ្ងៃ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកចំនួនប្រាំដំណើរការដោយរលូន
ភ្នំពេញ៖គិតត្រឹមថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ ក្នុងខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី បានប្រព្រឹត្តទៅ ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី១ ខែមេសា បានឱ្យដឹងថា
តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តពាក់ព័ន្ធឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គបោះឆ្នោត និងសមាជិកគណបក្សនៅក្រុង អរិយក្សត្រ (អ្នកចូលរួមប្រមាណ ៣៧នាក់) និងក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ១៤៤នាក់) និងស្រុកអូរគ្រៀងសែនជ័យ (អ្នកចូលរួមប្រមាណ ១២៣នាក់)។ រីឯគណបក្សភ្លើងទៀន បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមសង្កាត់ និងចែកខិត្តបណ្ណនៅក្រុងអរិយក្សត្រ
(អ្នកចូលរួមប្រមាណ ១៥នាក់) និងក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ១៥នាក់)។ ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។
បើតាមប្រភពដដែល ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅ ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ទាក់ទងនឹងការឃោសនា លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊ុនស៊ិនប៉ិច បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែមេសាថា គណបក្សហ៊ុនស៊ិនប៉ិចជាគណបក្សនយោបាយមួយក្នុងចំណោមគណ
បក្សនយោបាយពីរផ្សេងទៀត បានចូលរួមឃោសនាបោះឆ្នោត ដោយបានជួបជុំអ្នកគាំទ្រ កាលពីថ្ងៃចាប់ផ្តើមនៃការឃោសនា ដោយធ្វើការជាលក្ខណៈទ្រង់ទ្រាយតូច នៅក្នុងឃុំព្រែកលួងឃុំអរិយក្សត្រ នៃខេត្តកណ្តាល។
លោកបានបន្តថា ក្នុងការឃោសនាបោះឆ្នោតនេះ គណបក្សហ៊ុនស៊ីនប៉ិច បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមនីតិវិធី និងបទបញ្ជារបស់គ.ជ.ប ព្រមទាំងគោរពទៅតាមច្បាប់ និងមិនមានបញ្ហាអ្វីដែលគួរឱ្យកត់សម្គាល់នោះទេ ជាពិសេសមានការសសម្របសម្រួល និងបង្កបរិយាកាសបានយ៉ាងល្អពីសំណាក់អាជ្ញាធរឃុំផងដែរ។ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងដែរថា គណបក្សនយោបាយដែលមានសិទ្ធិចូលរួម ឃោសនាបោះឆ្នោតនេះ
គឺជាគណបក្សណាដែលបានស្នើសុំចុះបញ្ជីបេក្ខជន ឬគណបក្សនយោបាយសម្រាប់ការបោះឆ្នោតនេះ។
លោកបន្តថា ការឃោសនាបោះឆ្នោតនេះ ដើម្បីឱ្យគណបក្សនយោបាយ ក៏ដូចជាបេក្ខជន ដែលបានចុះបញ្ជី ត្រឹមត្រូវស្របតាមច្បាប់ធ្វើការឃោសនា ទៅលើគោនយោបាយរបស់ខ្លួនដើម្បីឱ្យអ្នកគាំទ្របោះឆ្នោតជូនរបស់គណបក្សរបស់លោក ដែលរួមមានការជួបជុំ ហែរក្បួន ការជួបជុំឃោសនានៅតាមផ្ទះប្រជាពលរដ្ឋ និងផ្សព្វផ្សាយនៅតាមសារព័ត៌មានជាដើម។ សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១នេះ
មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ និងការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី ៩ ខែមេសា ឆ្នាំ ២០២៣។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែង គឺគណបក្សហ៊ុនស៊ិនប៉ិច គណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា៕
ដោយ៖គឹម យុត្ថារ៉ូ
