ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:ត្រូវបានរៀបចំរយៈពេលបីថ្ងៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៣» ត្រូវបានរៀបចំធ្វើក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រ​ពៃណី​ជាតិខ្មែរនិងជាការបង្ហាញពីស្នាដៃរបស់និស្សិតទាំង៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ទេពកោសល្យនេះកាលពីថ្ងៃទី ១ ខែមេសា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌

និងវិចិត្រសិល្ប: ​​មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទា​ក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងរ​បស់ប្អូនៗនិស្សិតទាំង៥មហាវិទ្យាល័យដែលសម្រេចបាននូវសមិទ្ធិផលខាងលើនេះ។

លោកជំទាវសង្កត់ធ្ងន់ថា ៖ «ប្រសិនបើគ្មានសុខសន្តិភាពនោះទេ ប្អូនៗក៏មិនមានឱកាសក្នុងការបង្ហាញនូវទេពកោសល្យ​នាថ្ងៃនេះដែរ​»។ កញ្ញា ស៊ឿត សុវណ្ណី ជាអ្នករៀបចំពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិតនៃសាកលវិទ្យាល័យ

ភូមិន្ទវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី​២ ខែមេសា​ថា ក្នុងរយៈពេលពីរថ្ងៃមកនេះ កញ្ញាសង្កេតឃើញមានសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅក្នុងសកលវិទ្យាព្រមទាំងមហាជនមកពីខាងក្រៅ ជាពិសេសជនបរទេសជាច្រើនបានចូលរួម និងចាប់អារម្មណ៍ចំពោះព្រឹត្តិការន៍ពិព័រណ៍ទេពកោសល្យស្នាដៃនេះ ពីព្រោះព្រឹត្តិការណ៍នេះ បានខកខានធ្វើជាច្រើនឆ្នាំមកយូដែរហើយ។

កញ្ញាបន្តថា ព្រឹត្តិការណ៍នេះ បានរៀបចំចាប់ពីឆ្នាំ ២០១៣ ​រហូតមក ប៉ុន្តែត្រូវបានផ្អាកចាប់ពីឆ្នាំ ២០១៥ ដោយសារបញ្ហាមួយចំនួន។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះ នឹងបន្តរៀបចំធ្វើនៅឆ្នាំបន្តបន្ទាប់ទៀត​ បន្ទាប់ពីមានការគាំទ្រសិស្សនិស្សគ្រ​ប់ជំនាន់យ៉ាងច្រើន។

កញ្ញានិយាយថា«បើនិយាយពីសារៈសំខាន់ វាជាពិព័រណ៍ស្នាដៃរបស់និស្សិត ហើយក៏ជាព្រឹត្តិការណ៍បើកឱកាសឱ្យនិស្សិតនៅក្នុងសាកលវិទ្យាល័យ និងអ្នកនៅខាងក្រៅបានស្វែងយល់ពីសីល្បៈគ្រប់ទម្រង់របស់ខ្មែរយើង។ ជាមួយគ្នានេះ ជនប​រទេសបានចាប់អារម្មណ៍ច្រើនលើទម្រង់សិល្បៈខ្មែរយើង មានលក្ខណៈល្អប្រណិត»។

សូមបញ្ជាក់ថា មហាវិទ្យាល័យទាំងប្រាំនោះ រួមមាន  មហាវិទ្យាល័យសិល្បៈសូនរូប, មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត, មហាវិទ្យាល័យដូរ្យតន្រ្តី, មហាវិទ្យាល័យបុរាណវិទ្យា និងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា។

យោងតាម​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ឱ្យដឹងថា ពាក់ព័ន្ធនឹងការបង្ហាញពីស្នាដៃរបស់និស្សិតទាំង ៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺដើម្បីបង្ហាញឱ្យមហាជនទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ហើយក៏ដើម្បីឱ្យមានការយល់ដឹងច្បាស់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាយល់ដឹងពីរបៀបនៃការដំឡើង របៀបនៃការធ្វើ របៀបនៃការរៀបចំរបស់យុវជន មានលំដាប់លំដោយបែបណាខ្លះ។
ក្រសួងបន្តថា​ ម្យ៉ាងទៀតក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញក្ដីរីករាយដែលបានជួបជុំគ្នារៀបចំព្រឹត្តិការណ៍

នេះឡើងដោយ បង្ហាញពីស្នាដៃ,​ បង្ហាញពីសាមគ្គីភាព,​ បង្ហាញពីការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជា​តិខ្មែរ ហើយក៏មានការពាក់ព័ន្ធនឹងការចូលរួមរបស់ Bayon The Game នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ផងដែរ ដើម្បីចូ​លរួមផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យឃើញថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនខ្មែរ យុវជនខ្មែរ និងការចូលរួមក្នុ​ងតួនាទីរបស់យុវជន មានសារៈសំខាន់ខ្លាំងក្នុងសង្គមជាតិ៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner