រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាកៀរគរវិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូល សន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងដូចនេះ នៅក្នុងលិខិតផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែមេសាថា ក្នុងឆ្នាំ២០២២កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្ដាលឆ្នាំ២០២៣នេះកម្ពុជាក៏ដូចបណ្ដាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩ មកលើបញ្ហាសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទុច បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ។
ក្នុងឆ្នាំកន្លងទៅសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ប្រមាណ៥,៥ភាគរយ ហើយសម្រាប់ឆ្នាំ២០២៣នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា៦,៦ភាគរយ។
ក្នុងសារលិខិតបានបញ្ជាក់ទៀតថា កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្ដរជាតិមានប្រមាណជាង៤៨ ១៥១លានដុល្លារអាម៉េរិក។ ចំណែកឯការនាំចេញមានប្រមាណជាង ២០ ៤៦០ លានដុល្លារអាមេរិក និងការនាំចូលមានប្រមាណជាង ២៧ ៦៩១ លានដុល្លារ។
សារលិខិតបានបន្តថា អត្រាប្ដូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិនៅឆ្នាំ២០១៨ មាន ១៤ ៦២៩ លានដុល្លារអាម៉េរិក ហើយបន្តកើនឡើងនៅឆ្នាំ២០២២ ដល់១៧ ៨០៥ លានដុល្លារអាម៉េរិក និងត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ២២ ១៤៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣។ ទន្ទឹមនេះ ច្បាប់ស្ដីពីវិនិយោគន ព្រះរាជាណាចក្រកម្ពុជានឹងអាចរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញនិងប្រសើរជាងមុន។ទាក់ទងនឹងការប្តេជ្ញារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា វិស័យឯកជនមានការរំពឹងខ្ពស់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបង្កលក្ខងាយស្រួលយ៉ាងច្រើនវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ក្នុងការវិនិយោគលើគ្រប់វិស័យ ជាពិសេសដែលមានសក្តានុពល ដូចជាកសិកម្ម និងឧស្សាហកម្មជាដើម។
ឧកញ៉ាបានគូសបញ្ជាក់ថាតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះ វិស័យឯកជនមានជំនឿយ៉ាងមុតមាំថា កំណើននៃការវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកាន់កម្ពុជា នឹងមានកំណើនជាបន្តបន្ទាប់ ជាពិសេសវិស័យសំខាន់ៗ ដូចជាកសិកម្ម ឧស្សាហកម្មកែច្មៃ និងវិស័យបច្ចេកវិទ្យាជាដើម។ សន្តិភាព ស្ថិរភាពនយោបាយ និងការលើកទឹកចិត្តដោយរាជរដ្ឋាភិបាល គឺជាអ្វីដែលវិនិយោគិនយើងចង់បាន។
យោងតាមទិន្នន័យ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១ ៧៣០ដុល្លារ ក្នុង ឆ្នាំ២០២១ ដល់ប្រមាណ១ ៧៨៥ដុល្លារ ក្នុងឆ្នាំ២០២២ និងត្រូវបានរំពឹងថាកើនឡើងដល់១ ៩២៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣នេះ៕ដោយ៖វណ្ណ សុជាតា