អដ្ឋិធាតុសពយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា៤៩រូបបានតម្កល់នៅក្នុងមហាចេតិយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប ដែលធ្លាប់ដង្ហែពីវៀតណាម ត្រូវបានតម្កល់នៅក្នុងមហាចេតិយ នាតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦( X16 )ក្នុងខេត្តត្បូងឃ្មុំដែ​ល​ត្រូវបានរដ្ឋាភិបាលសាងសង់ឡើងសម្រាប់ដឹងគុណ និងរំឭកដល់គុណូបការៈដ៏ធំធេង របស់ពួកគាត់ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។​

នៅព្រឹកថ្ងៃទី​២ ខែមេសា ឆ្នាំ២០២៣ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូបត្រូវបានដង្ហែទៅតម្កល់នៅមហាចេតិយ​ ដែល​ការដង្ហែ​ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា  ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ​និងសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។​

យោងតាម​ក្រសួងការពារជាតិ បាន​ឱ្យដឹងថា មហាចេតិយនេះ ត្រូវបានសាងសង់ឡើងកាលពីថ្ងៃទី២០ ខែសី​ហា ឆ្នាំ២០២២ សម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលទទួលបានការណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​

នាឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយបន្ទាប់ពីបញ្ចប់​ពិធីថា ការសាង់សង់ម​ហាចេតិយ និងការធ្វើមាតុភូមិនិវត្តន៍លើអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានេះមានសារៈសំខាន់ដើម្បីរំឭកដល់គុណដល់យុទ្ធជនដែលមានធ្វើពលីកម្មរំដោះប្រជាជាតិកម្ពុជាពីរប​ប​ប្រល័យពូជសាសន៍ ដែលជាជោគជ័យមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ទីស្ថានត្រជាក់ត្រជុំដល់​យុ​ទ្ធ​​ជនលើទឹកដីកម្ពុជាវិញ។ ​ សម្ដេចពិជ័យសេនាបន្តថា មហាចេតិយ និងទីតាំងចងចាំផ្សេងៗជាច្រើនដែលរដ្ឋាភិបាលបានកសាងឡើង ​ជាគ្រឹះស្ថានសម្រាប់ផ្តល់ការអប់រំ ការសិក្សាសម្រាប់កូនខ្មែរជំនាន់ក្រោយបានជ្រាបពីកេរដំណែល

ការតស៊ូ ស​មត្ថភាពរបស់មេដឹកនាំកម្ពុជានៃរដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរំដោះជាតិមាតុភូមិ ការអភិវឌ្ឍន៍ និងការគិតគូរដល់ប្រជាជាតិ។​

សម្ដេចពិជ័យសេនា​ថ្លែងថា ៖ «ដើម្បីរំឭកដល់ការធ្វើពលិកម្មនៃយុទ្ធជនទាំងនេះ ចាំបាច់ណាស់ដែលយើងត្រូវធ្វើកិច្ចកា​រទាំងនេះ ហើយយើងរៀបចំការងារនេះដោយសម្បូរបែប​ទៅតាមប្រពៃណីយើង ហើយគោលដៅធំបំផុតនោះ​​ ការធ្វើមាតុភូមិនាវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធនៃយើង ទាំង៤៩ រូបនេះ ដែលរាប់ជាជោគជ័យមួយ»។​​

​គួរបញ្ជាក់ថា អដ្ឋិធាតុយុទ្ធជនកងកម្លាំងទាំង ៤៩រូបនេះ ត្រូវបានធ្វើមាតុភូមិនាវត្តន៍​ពីប្រទេសវៀតណាមដែលជាទីបញ្ចុះមកកាន់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅតាមរយៈការណែនាំពីលោក​ ហ៊ុន សែន។

កន្លងមកសពកងម្លាំងទាំង៤៩ រូបនេះត្រូវបានបញ្ចុះនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម បន្ទាប់ពីបានបាត់បង់ជីវិតក្នុ​ងសមរភូមិរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយរកក្រុមគ្រួសារមិនឃើញ។

បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា ការធ្វើមាតុភូមិនិវត្តន៍ស​ម្រាប់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធដែលបានធ្វើពលិកម្មជូនជាតិកម្ពុជា និងការតម្កល់អដ្ឋិធាតុនៅមហាចេតិយ ជារឿងសំខាន់និងមានតម្លៃសម្រាប់ប្រទេសកម្ពុជា និងតម្លៃជាប្រវត្តិសាស្រ្ត។

សម្ដេចបានបន្តថា មិនខុសពីបណ្តាប្រទេសផ្សេងៗតួយ៉ាងវៀតណាមក្បែរខាងកម្ពុជា ឬសហរដ្ឋអាមេរិកជាដើម ក៏គេបំពេញការងារនេះដែរ ដើម្បីជាការរំឭកគុណ និងផ្តល់តម្លៃ ដល់យុទ្ធជនដែលមានលះបង់ជីវិតសម្រាប់ប្រទេសជាតិ ព្រមទាំងការលើកទឹកចិត្តដល់យុទ្ធមិត្តផ្សេងៗទៀតផងដែរ។​

សម្ដេចពិជ័យ​ថ្លែងថា ៖ «ខ្ញុំលើកទឹកចិត្តលើការសាងសង់មហាចេតិយនេះ និងការលើកទឹកចិត្ត និងផ្តល់គុណតម្លៃរួមដល់យុទ្ធជនក្នុងវិស័យការពារជាតិកន្លងទៅ។ ក្រៅពីការផ្តល់គុណតម្លៃ​ ខ្ញុំក៏សូម​លើកទឹកចិត្តឲ្យរដ្ឋាភិបាលបន្ថែមការយកចិត្តទុកដាក់ដល់យុទ្ធជនពិការភាព និងយុទ្ធជនដែលកំពុងរស់នៅក្នុងភាពលំបាក ដើម្បីជួយសម្រួលជីវភាពពួកគេ ​ដែលកន្លងមករដ្ឋាភិបាលបានគិតគូរខ្លះៗរួចទៅហើយដែរ»។​

សូមជម្រាប​ជូនថា តាមរយៈ​ក្រសួងការពារជាតិ មហាចេតិយនេះត្រូវបានសាងសង់រំលេចជាមួយក្បូរក្បាច់រចនាបថខ្មែរដែលបានចំណាយថវិកាអស់ប្រមាណ ៧០ម៉ឺនដុល្លារ។ ​

​កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រារព្ធខួប៤៥ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅកា​រផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២)សម្ដេចតេជោ  ហ៊ុន សែន បានណែនាំឱ្យរៀបចំធ្វើមាតុភូមិអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩រូប មកទុកដាក់នៅកម្ពុជាវិញ៕

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner